ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀត ដែលជាសំណើរ និងសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈ ងាយស្រួល យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់នានា។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌ ព្រែកព្នៅ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០២នេះ បានណែនាំដល់ប៉ុស្តិ៍នគរបាល រដ្ឋបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះទៅតាមមូលដ្ឋាន ឬខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសួរនាំ ពីក្តីកង្វល់ របស់ប្រជាពលរដ្ឋ ពិសេសការមិនទាន់ទទួល បានអត្តសញ្ញាណប័ណ្ណ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
ប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ចំពោះបញ្ហាការផ្តល់អត្តសញ្ញាណប័ណ្ណ នៅក្នុងខណ្ឌព្រែកព្នៅ គឺតម្រូវឲ្យអភិបាលខណ្ឌ និងអធិការខណ្ឌ រួមសហការគ្នា ចុះទៅស្រង់ទិន្ន័យ ចំពោះប្រជាពលរដ្ឋដែលមិនទាន់ទទួល បានអត្តសញ្ញាណប័ណ្ណ ហើយត្រូវពន្យល់ប្រាប់ពី មូលហេតុនានា ដល់ប្រជាពលរដ្ឋទាំងនោះ ពីភាពយឺត យ៉ាវដែលមិនទាន់ ទទួលបាន ដើម្បីពួកគាត់ មានការស្ងប់ក្នុងចិត្ត មិនថ្នាំងថ្នាក់ ជាមួយអាជ្ញាធរ។
លោកបានបន្ថែមថា ការផ្តល់អត្ថសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ទៅតាមតម្រូវការនេះ គឺជាការផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ពិសេសត្រៀម យកទៅចូលរួម បោះឆ្នោតនាពេលខាងមុខ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លែងឲ្យប្រើឯកសារអ្វីផ្សេងទាំងអស់ ក្រៅតែអំពីអត្តសញ្ញាណប័ណ្ណ ទើបអាចចូលរួម បោះឆ្នោតបាន។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានសន្យាថា នឹងបញ្ជូនក្រុមការងារ ជំនាញចុះទៅធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ ឱ្យអស់នៅពេលឆាប់ៗនេះ ខណៈដែលកន្លងមក រដ្ឋបាលខណ្ឌ និងមន្រ្តីនគរបាល បានចុះទៅធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានជាង ៣ម៉ឺន៨ពាន់នាក់ ពោលគឺនៅសល់តិចតួចប៉ុណ្ណោះ ដែល មិនទាន់បានធ្វើ។
ក្នុងឱកាសនេះដែរ លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈការរៀបចំវេទិកា សាធារណៈ នេះបានធ្វើឱ្យអាជ្ញាធរ បានដឹងពីក្តីកង្វល់ពិតប្រាកដ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ហើយអាជ្ញាធរសន្យា នឹងកែលម្អដោះស្រាយ រាល់តម្រូវការនានា របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ស្របតាមបំណង ប្រាថ្នា របស់ពួកគាត់។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនអាណត្តិទី៣ នៅខណ្ឌ ព្រែកព្នៅ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងក្តីកង្វល់ រហូតដល់៦១បញ្ហា ក្នុងនោះ លើកនូវបញ្ហាផ្ទាល់មាត់ ចំនួន៩ ជាលាយលក្ខអក្សរ ចំនួន៥២ ជាមួយគ្នានេះ ក្រុមការងារ ជំនាញ បានដោះស្រាយភ្លាមៗ ជូនប្រជាពលរដ្ឋបានជាច្រើនបញ្ហា ចំណែកបញ្ហាមួយចំនួនទៀត នឹងពិនិត្តសិក្សាអោយបានច្បាស់លាស់ ជាមួយជំនាញពាក់ព័ន្ធ នឹងបន្តជម្រាបជូនថ្នាក់លើ ដើម្បីពិនិត្យលទ្ធភាព ដោះស្រាយជូនទៅតាមនិតិវិធី ផងដែរ៕ ដោយ៖ ដារាត់