ព័ត៌មានជាតិ

ស្រ្តីកូនប្រាំនាក់ វិលជួបជុំកូននិងម្តាយ ក្រោមការសណ្តោសប្រណី សម្តេចតេជោ

ប្អូនស្រី ជឿន សុខុន មានកូនប្រាំនាក់ ដែលក្នុងនោះ មានកូនបីនាក់ជាកូនស្រីភ្លោះ (កូនភ្លោះចាប់ពី៣នាក់ឡើងទៅ គឺជាកូនដែលទទួលបាន ការសណ្តោសទំនុកបម្រុង ពីសម្តេចតេជោ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានឃុំខ្លួន អស់រយៈពេលជាងមួយខែក្រោម បទចោទពីបទល្មើសឆបោក ។

រឿងរ៉ាវនេះ គឺបានកើតឡើង ដោយសារការចាញ់បោក អ្នកលក់ម៉ាសតាមអនឡាញ ដែលមានប្រភពនៅប្រទេសថៃ និងប្រទេសវៀតណាម។ មិនខុសពីបងប្អូនមួយចំនួនទេ ប្អូនស្រី ជឿន សុខុន បានចាប់យកឱកាស ប្រកបរបររកស៊ីទិញលក់ទំនិញ តាមហ្វេសប៊ុក (facebook) ដែលកំពុងពេញនិយម និងទាន់សម័យនៅក្នុងប្រទេសកម្ពុជាយើង ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យាសម័យទំនើប។

នៅក្នុងកំឡុងពេល ជំងឺកូវីដ-១៩ (Covidf-19) កំពុងរីករាលដាល ដែលពេលនោះ មានអ្នកលក់ម៉ាស (mask) និង ជែល (gel) ជាច្រើនបានចាប់ប្រកបមុខរបរនេះ។ ចំពោះប្អូនស្រី ជឿន សុខុន ក៏បានរកស៊ីកម៉្មង់ទិញម៉ាស ពីឈ្មួញបោះដុំតាម Online យកមកលក់បន្តឱ្យអ្នកទិញ ក្នុងបណ្តាញហ្វេសប៊ុក យកទៅចែកចាយលក់បន្ត។ ប្អូនស្រីមានអ្នកទិញលក់បន្តចំនួន ៦នាក់ ដែលតែងតែកម្ម៉ង់ទិញម៉ាស ពីប្អូនតាមអនឡាញ។ តាមធម្មតា ក្រោយពីប្អូនស្រីទទួល បានលុយកក់ពីអ្នកទិញហើយ គឺប្អូនស្រីបានបង់លុយនោះ តាមអនឡាញទៅអ្នកបោះដុំក្នុងអនឡាញ ដែលមានប្រភពនៅប្រទេសថៃ និងប្រទេសវៀតណាម តាមអេឡិកត្រូនិកផេមិន (electronic payment) ។

ជាអកុសល ប្អូនស្រី ជឿន សុខុន ត្រូវបានអ្នកបោះដុំម៉ាសនៅថៃតាម និង វៀតណាម បោកប្រាស់យកលុយអស់ហើយ បានបិទអាខោន facebook ចោលគេចខ្លួនបាត់។ ដោយសារគ្មានទំនិញ ប្រគល់ជូនអ្នកបញ្ជាទិញ និងគ្មានប្រាក់សងគេវិញ ជនរងគ្រោះទាំងនោះ បានដាក់ពាក្យបណ្តឹង ទៅកាន់នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ដោយគ្មានប្រាក់សងគេវិញ ប្អូនស្រី ជឿន សុខុន ត្រូវបានបញ្ជូនទៅតុលាការ ហើយចៅក្រមស៊ើបសួរ ក៏សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកយាយ ឈុំ វ៉ាត អាយុ៧០ឆ្នាំ ដែលត្រូវជាម្តាយបង្កើត របស់ប្អូនស្រី ជឿន សុខុន ដែលមានកូន៥នាក់កំពុងជាប់ឃុំ បានគោរពអង្វរជាមួយទឹកភ្នែក ស្នើសុំការសណ្តោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យជួយដល់កូនស្រីគាត់ ដែលកំពុងជាប់ឃុំអោយបាននៅក្រៅឃុំ ដើម្បីមានឱកាស បានធ្វើការរកលុយសងគេវិញ ជាពិសេសសុំអោយសម្តេច មេត្តាជួយដល់ចៅស្រីភ្លោះ៣នាក់ និងកូនតូចៗ២នាក់ទៀត ដែលកំពុងនៅក្រោមអម្រែក របស់លោកយាយ។ លោកយាយមានការពិបាកយ៉ាងខ្លាំង ព្រោះគ្មានចំណូល ហើយត្រូវទទួលបន្ទុក ចិញ្ចឹមមើលថែចៅទាំង៥នាក់ តែម្នាក់ឯង ហើយកំពុងមានជំងឺរោគស្រី្ត ប្រចាំខ្លួនទៀតផង។

បន្ទាប់ពីទទួលបានការស្នើសុំ ពីលោកយាយ សម្តេចតេជោ ហ៊ុន សែន មានក្តីអាណិតអាសូរ លោកយាយ និងចៅៗទាំង៥នាក់ជាពន់ពេក ហើយសម្តេច បានចាត់ លោក ដួង តារា ជំនួយការផ្ទាល់ អោយសហការជាមួយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលអំពីលទ្ធភាព ដែលអាចជួយអោយប្អូនស្រី ជឿន សុខុន តាមនីតិវិធីច្បាប់។

ក្រោយពីបានសិក្សា ទៅលើសាច់រឿងរបស់ប្អូនស្រី ស្របតាមមូលដ្ឋានច្បាប់ គ្រប់គ្រាន់ហើយ លោក ដួង តារា ក៏បានជួយ លោកយាយ ឈុំ វ៉ាត រៀបចំដាក់ពាក្យ ស្នើសុំធានាកូនស្រី របស់គាត់សុំនៅក្រៅឃុំបណ្តោះអាសន្ន និងសន្យាថា ពេលកូនស្រីគាត់ ចេញពីមន្ទីរឃុំឃាំងវិញហើយ កូនស្រីគាត់នឹងខិតខំ ប្រឹងរកលុយសងគេវិញ។ លុយដែលប្អូនស្រី ជំពាក់មនុស្សចំនួន៦នាក់ គឺសរុបទាំងអស់មាន ចំនួន១៣,០០០ ដុល្លារ។

ដោយមានការអាណិតអាសូរចំពោះប្អូនស្រី នឹងដោយការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលះបង់គ្រប់យ៉ាង ក្នុងរំដោះប្រទេសនាំមក នូវសុខសន្តិភាពសម្រាប់កម្ពុជា ដែលកំពុងផ្តល់ឱកាសជាច្រើន ដល់អ្នកវិនិយោគទុន គឺមានសប្បុរសជនមួយចំនួន បានរៃលុយគ្នាយកទៅជួយប្អូនស្រី បានយកទៅសងអ្នក ដែលគាត់ជំពាក់ប្រាក់ទាំង ៦នាក់បានចប់សព្វគ្រប់។ ក្រោយពីទទួលបានប្រាក់សំណង គ្រប់ចំនួនវិញហើយនោះ ដើមបណ្តឹងទាំង៦នាក់ បានយល់ព្រមដកបណ្តឹង ឈប់ប្តឹងផ្តល់ប្អូនស្រី ជឿន សុខុន តទៅទៀតហើយ។

លោក ដួង តារា បានបញ្ជាក់ថា ការជួយសម្របសម្រួលក្នុងករណីនេះ ជាការគិតគូប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែសណ្តោសប្រណី និងអាណិតអាសូរ ជួយដល់ពលរដ្ឋ នៅគ្រប់ស្ថានភាព នឹងកាលៈទេសៈទាំងអស់។ នេះជាឱកាសដល់ស្រ្តី ដែលមានកូនប្រាំនាក់ និងម្តាយចាស់ជរាក្រីក្រ ក្នុងបន្ទុកឱ្យបានជួបជុំ និងកសាងជីវិតឡើងវិញ។

អារម្មណចេញផុតពីមន្ទីរឃុំឃាំង គឺហាក់ដូចជាបានកើតសារជាថ្មីម្តងទៀត ជាមួយនឹងសិទ្ធិសេរីភាពនិងស្នាមញញឹម ហើយនេះ គឺជាកាយវិការមនុស្សធម៌ មេត្តាធម៌ និងយុត្តិធម៌ សម្រាប់កូនចៅរបស់សម្តេច ទាំងអស់ដោយ សម្តេចតេជោ ចង់ផ្តល់សេចក្តីសុខឱ្យទាំងស្រ្តីកូនប្រាំនាក់ និងលោកយាយ ជាម្តាយចាស់ទទួលបានយុត្តិធម៌ដូចៗគ្នា ។

ប្អូនស្រី ជឿន សុខុន និងលោកយាយ ឈុំ វ៉ាត បានគោរពអរគុណយ៉ាងក្រៃលែង ចំពោះទឹកចិត្តសណ្តោសប្រណីរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលសម្តេចទាំងទ្វេ តែងតែជួយប្រជាពលរដ្ឋ ជាពិសេសករណីប្អូនស្រីផ្ទាល់ អោយបានជួបជុំកូនៗទាំង៥នាក់ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើងវិញ និងដោយសន្យាធ្វើតែអំពើល្អ និងខិតខំរកស៊ី ដើម្បីសងលុយគេវិញ។

លោក ដួង តារា បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល គឺសម្តេចទាំងទ្វេតែងតែ គិតដល់សុខទុក្ខ របស់ជនរួមជាតិទាំងអស់ ជាពិសេស ចំពោះកុមារ ចាស់ជរា និងជនទីទាល់ក្រ ។

លោក ដួង តារា បានគោរពជូនពរ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ អោយកាន់តែរីកចម្រើន ក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ សម្រាប់កូនចៅដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុ សែន បន្តដឹកនាំប្រទេសជារៀងរហូត៕

(ហ្វេសប៊ុកផេក Duong Dara)

To Top