ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ស្វាគមន៍ក្រុមការងារបច្ចេកទេស ដើម្បីសម្រេចកិច្ចព្រមព្រៀង អនុវត្តស្តង់ដារយានយន្តអាមេរិក លើទីផ្សារកម្ពុជា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានសម្តែងការ ស្វាគមន៍ចំពោះ ក្រុមការងារបច្ចេកទេសនៃ ប្រទេសទាំងពីរដើម្បីធ្វើយ៉ាង ឲ្យសម្រេចកិច្ចព្រមព្រៀង ការអនុវត្តស្តង់ដារ យានយន្តអាមេរិក នៅលើទីផ្សារកម្ពុជា ។

នេះជាការលើកឡើងរបស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy ក្នុងឱកាសភាគីទាំងពីរជួប ពិភាក្សាគ្នានៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ។

គោលបំណង នៃជំនួបពិភាក្សា ភាគីទាំងពីរ បានផ្តោតការយកចិត្តទុកដាក់ ទៅលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារ យានយន្តសហរដ្ឋអាមេរិក នៅលើទីផ្សារកម្ពុជា ការពង្រឹង វិស័យសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជា វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ លើវិស័យកម្មសិទ្ធិបញ្ញាជាដើម ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្វាគមន៍ និងលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងនៃ ក្រុមបច្ចេកទេសភាគីទាំងពីរ ដើម្បី សម្រេចបានកិច្ចព្រមព្រៀងគ្នាមួយ សម្រាប់ការអនុវត្តស្តង់ដារ យានយន្តសហរដ្ឋអាមេរិក នៅលើទីផ្សារកម្ពុជា តាមរយៈយន្តការ ប្រើប្រាស់ កិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង កម្ពុជា ។

ចំណែកលោក Patrick Murphy ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកជំនាញ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី អាចដំណើរការ ទៅបានសម្រាប់ការចរាចរណ៍ផលិតផល យានយន្ត ស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា ។

ក្នុងឱកាសនោះដែរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដារកម្ពុជា ជាសេនាធិការជំនាញ និងដោយឈរលើគោល ជំហរការអនុវត្តក្របខណ្ឌនៃ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្រសួងបានធ្វើប្រកាសថ្មីស្តីពី ការពន្យាពេលអនុវត្តក្នុងការ ទទួល យកវិញ្ញាបនបត្របញ្ជាក់ អំពីការបញ្ចេញសារធាតុបំពុលខ្យល់ ពីយានយន្តរបស់ភ្នាក់ងារ ការពារបរិស្ថានអាមេរិក ក្នុងប្រការ៣ នៃប្រកាស លេខ:205 MIH/2019 ដោយផ្អែក លើសារាចរ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ សាធារណៈ ៕

To Top