នាព្រឹកថ្ងៃទី៣ ខែតុលា នៅក្នុងពិធីសម្ពោធ “ប៉ុស្តិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី – ព្រះករុណាព្រះមហាក្សត្រ សីហមុនី” ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះប្រទានឥស្សរិយយស មេដាយសហមេត្រី អោយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន Zhang Yanping។
កញ្ញា Zhang Yanping បានបញ្ចប់ការសិក្សាជំនាញភាសាខ្មែរនៅសាលាជនជាតិជ័ងក្វាងស៊ី ប្រទេសចិន នៅឆ្នាំ២០០៤ ហើយបានទទួលតំណែងជាអ្នកសារព័ត៌មាន នៃវិទ្យុមិត្តភាពកម្ពុជាចិន ពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ន។ កញ្ញា Zhang Yanpingស្រឡាញ់ចូលចិត្តការងារវិទ្យុផ្សាយ សម្លេងជាភាសាខ្មែរជាខ្លាំង។ កម្មវិធីដែលគាត់បានចូលរួមផលិត និងធ្វើជាពិធីការិនីទទួលបាន ការពេញនិយមចូលចិត្តពីសំណាក់ប្រិយមិត្តខ្មែរ នៅគ្រប់មជ្ឈដ្ឋាន។
ក្នុងអំឡុងពេលស្នាក់នៅ ជាអចិន្ត្រៃយ៍នៅកម្ពុជា កញ្ញា Zhang Yanping បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការងារសម្ភាស៍ និងផ្សព្វផ្សាយកម្មវិធី ស្ដីពីព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនៅក្នុងប្រទេសកម្ពុជា និងព័ត៌មានពាក់ព័ន្ធរវាង ប្រទេសកម្ពុជានិងចិន និងបានចូលរួមយ៉ាងសស្រាក់សស្រាំ ផងដែរនៅក្នុងគ្រប់សកម្មភាពទាំងអស់ដែលរៀបចំ ដោយវិទ្យុមិត្តភាពកម្ពុជាចិន ដូចជា “កម្មវិធីចុះផ្ដល់សេវាសុខភាពតាមសហគមន៍” “ដំណើរភាពយន្តចល័តចិន-កម្ពុជា”ជាដើម។
នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ក្នុងអំឡុងពេលត្រូវបានផ្លាស់ប្ដូរទៅធ្វើការនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា ជាបណ្ដោះអាសន្ន កញ្ញា Zhang Yanping ធ្លាប់បានកាន់តំណែងជាលេខា និងជាអ្នកបកប្រែរបស់អគ្គរដ្ឋទូតចិនពីរអាណត្តិ គឺក្នុងអាណត្តិលោកស្រីអគ្គរដ្ឋទូត Bu Jianguo និងលោកអគ្គរដ្ឋទូត Xiong Bo។ សមត្ថភាពបកប្រែភាសាខ្មែរ របស់គាត់មិនត្រឹមតែទទួលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងទទួលបានការ ស្ងើចសរសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ហេតុនេះបានធ្វើឱ្យសម្ដេចតេជោក្លាយជា ថ្នាក់ដឹកនាំកំពូលបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយពីការផ្ទុះជំងឺកូវីត១៩។ នេះបានបង្ហាញចេញពី មនោសញ្ចេតនាមិត្តភាពស៊ីជម្រៅ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក រវាងប្រទេសទាំងពីរកម្ពុជា និងចិន។ ក្រោយពីសម្ដេចតេជោ ត្រលប់មកដល់ប្រទេសកម្ពុជាវិញ សម្ដេចបានធ្វើសន្និសីទសារព័ត៌មាន មួយនៅថ្ងៃទី២៥ ខែកុម្ភៈ។ ក្នុងខណៈពេលនោះកញ្ញា Zhang Yanping បានសួរសំណួរទៅសម្ដេចតេជោ និងបានរៀបរាប់ពីស្ថានភាព ដែលអ្នកប្រើប្រាស់បណ្ដាញអិនធីណែតនៅប្រទេសចិន បានហៅសម្ដេចតេជោ ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនលើកនេះថា ជា “បុរសសង្ហារធ្វើដំណើរបញ្ច្រាសទិស”។ កិច្ចសម្ភាសលើកនេះបានទទួលការវាយតម្លៃខ្ពស់ ពីសម្ដេចតេជោ។ វីដេអូសម្ភាសន៍ មានអ្នកចុចទស្សនារហូតដល់ជាង ២លាននាក់ ធ្វើអោយអ្នកសារព័ត៌មានចិនកញ្ញា Zhang Yanping ក្លាយជា”តារាល្បី”នៅប្រទេសកម្ពុជា និងទទួលបានការស្រឡាញ់ ចូលចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអិនធឺណែត ជាច្រើននៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះកញ្ញា Zhang Yanping បានចូលរួមក្នុងកិច្ចការសង្គម និងវប្បធម៌កម្ពុជាជាច្រើន និងទទួលបានការទទួលស្គាល់ពីព្រះបរមរាជវាំងផងដែរ។ គាត់បានជំរុញឱ្យសហគ្រាសចិននៅកម្ពុជាជាច្រើន ចូលរួមក្នុងគ្រប់សកម្មភាព មនុស្សធម៌របស់ព្រះបរមរាជវាំង ដែលមានដូចជាការកសាង អាគារសាលារៀន និងវត្តអារាម ការផ្ដល់ជំនួយជូនក្រុមរបាំព្រះរាជទ្រព្យ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការផ្ដល់ឱកាស អាហារូបករណ៍ជូនយុវជនខ្មែរ ទៅរៀននៅប្រទេសចិនផងដែរ។
គ្រឿងឥស្សរិយយសនៃ ព្រះរាជាណាចក្រកម្ពុជា ចែកចេញជា៤ប្រភេទរួមមាន គ្រឿងឥស្សរិយយសប្រភេទ មាតុប្រទេស គ្រឿងឥស្សរិយយស ប្រភេទរាជបល្ល័ង្ក គ្រឿងឥស្សរិយយសប្រភេទការពារជាតិ និងគ្រឿងឥស្សរិយយសប្រភេទចម្រុះ។ គ្រឿងឥស្សរិយយស”សហមេត្រី” ជាគ្រឿងឥស្សរិយយសប្រភេទចម្រុះ គឺជាគ្រឿងឥស្សរិយយស ប្រើសម្រាប់ប្រគល់ជូនអង្គទូតបរទេស រឺជនបរទេសណាដែលបាន ចូលរួមក្នុងកិច្ចការមិត្តភាពរវាងប្រទេសកម្ពុជានិងបរទេស៕