ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានកោរសរសើររាជរដ្ឋាភិបាល និងប្រធានរដ្ឋសភាក្នុងការដឹកនាំប្រទេសឲ្យធានាបានស្ថេរភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ។
យោងតាមព្រះរាជសារបស់ព្រះមហាក្សត្រអានដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងថ្ងៃបើកប វេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអុម័តគឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវីនីយកម្ម។
ព្រះរាជសារបន្ថែមថា ក្នុងនោះដែរសកម្មភាពសហការគ្នាយ៉ាងលម្អិតរមួត រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឲ្យកត់សម្គាល់ដោយបានបង្កើតឲ្យមានកម្ម វិធីជំនួយសង្គមជាច្រើនសំដៅផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។
ព្រះមហាក្សត្របានមានព្រះបន្ទូលទៀតយ៉ាងដូច្នេះថា«ទូលបង្គំខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គពញាចក្រី ហេងសំរិនប្រធានរេដ្ឋសភា ឯកឧត្តមអនុប្រធានទី១រដ្ឋសភាលោកជំទាវអនុប្រធានទី២រដ្ឋសភា ប្រធានគណៈកម្មការ និងសមាជិក សមាជិការនៃរដ្ឋសភាទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការពិនិត្យសិក្សាសេចក្តី ព្រាងច្បាប់នានា ដែលច្បាប់ទាំងនេះបានគ្រប់ដណ្តប់លើវិស័យសំខាន់ៗដែលដឹកនាំដោយរាជរដ្ឋាភិបាល ក៏ដូចជាធ្វើសមារហកម្មនៅក្នុងតំបន់ និងអន្តរជាតិ»។
ជាមួយគ្នានោះព្រះមហាក្សត្រក៏បានមានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំកោតសរសើរយ៉ាងក្រែងលែងចំពោះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីដែលជាមគ្គុទ្ទេសក៏ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ ដ៏ត្រឹមត្រូវទប់ស្កាត់បាននូវអតិផរណាដែលជាខឿនសេដ្ឋកិច្ចរឹងមាំធានាបានស្ថិរភាពឯករាជ្យនិងអធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើន ជូនដល់ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងសុខុដុមរនា»។
ក្នុងព្រះរាជសារក៏បានលើកឡើងថា ក្នុងឱកាសនេះក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាតកូវីដ១៩ គួរឲ្យព្រួយបារម្ភ ដែលមិនមានសញ្ញាថមថយនៅឡើយ ខ្ញុំសូមឲ្យជន រួមជាតិប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខ ភាពពិភពលោក ដើម្បីឲ្យកម្ពុជាចៀសវាងឲ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍ផងដែរ៕