ព័ត៌មានជាតិ

លោក ហង់ ជួនណារ៉ុន ៖ គ្រូល្អអាចបម្រើការ ក្នុងសាលាបាន អាស្រ័យដោយនាយកល្អ

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នាយកសាលារៀនល្អ គឺជានាយកដែលបង្កើត នូវបរិស្ថានល្អ សម្រាប់ការបង្រៀន និងរៀន ជាពិសេស គ្រូល្អ អាចបម្រើការងារក្នុងសាលាបាន អាស្រ័យដោយមាននាយកល្អ។

ក្នុងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២០ ក្រោមប្រធានបទ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថលនៅកម្ពុជា» ធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន ខណៈសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យធ្វើនៅទីលានប្រជាធិបតេយ្យ។ ក្នុងឱកាសនោះពួកគេទាមទារ ប្រាក់ខែ២លានរៀលសម្រាប់គ្រូៗ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្រសួងបានមើលឃើញ កាន់តែច្បាស់អំពី តួនាទីយ៉ាងសំខាន់ របស់គ្រូបង្រៀន ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដែលផ្ដោតជាសំខាន់លើការបង្កើត ចំណេះដឹង បំណិន និងសមត្ថភាពរបស់គ្រូបង្រៀន។

លោកបន្ដថា លក្ខខណ្ឌបំពេញការងារ របស់គ្រូបង្រៀន ក៏ជាចំណុចសំខាន់មួយ នៅក្នុងការអនុវត្តកំណែទម្រង់អប់រំ ការពង្រឹងការបំពេញការងាររបស់គ្រូបង្រៀន ទើបអាចធ្វើឲ្យមានការប្រែប្រួល នៅក្នុងថ្នាក់រៀនបាន។

លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ក្រៅពីគ្រូបង្រៀន នាយកសាលារៀន ក៏ជាតួអង្គសំខាន់ ក្នុងការធ្វើឲ្យលទ្ធផលសិក្សា របស់សិស្សមានការប្រែប្រួល ជាពិសេស នាយកល្អ គឺជានាយកដែលបង្កើតនូវបរិស្ថានល្អសម្រាប់ការបង្រៀន និងរៀន។គ្រូល្អអាចបម្រើការងារ បាននៅក្នុងសាលា បានអាស្រ័យដោយមាននាយកល្អ»។

បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួង ស្ថាប័នពាក់ព័ន្ធដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ វិនិយោគតាមគ្រប់រូបភាព ដល់វិស័យអប់រំ ជួយសម្របសម្រួល និងគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ជាពិសេស ថ្នាក់ដឹកនាំក្រសួង មន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងយុវជនគ្រប់រូបដែល បានចូលរួមយ៉ាងសកម្ម ក្នុងកំណែទម្រង់កន្លងមក និងនៅពេលខាងមុខ៕

ដោយ ៖ អេង ប៊ូឆេង

To Top