ព័ត៌មានជាតិ

រដ្ឋសភា បើកសម័យប្រជុំ លើកទី៥ នីតិកាលទី៦

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ដោយមានរបៀបវារៈចំនួន១១។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ក្នុងឱកាសកាសបើកសម័យប្រជុំ ព្រះអង្គបានមានព្រះរាជបន្ទូលថា ការបើកប្រជុំជាទៀតទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ បានកោតសរសើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លំាងកាយចិត្ត ក្នុងការបំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងនោះ ការពិនិត្យសិក្សា និងអនុម័ត ច្បាប់នានា គ្របដណ្តប់ លើវិស័យសំខាន់ៗ សម្រាប់កសាងនិងអភិវឌ្ឍជាតិ ក៏ដូចជាការជម្រុញ និងលើកកម្ពស់ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់និងអន្តរជាតិ។

ព្រះមហាក្សត្រទ្រង់ បានមានព្រះរាជបន្ទូលបន្ថែមថា ច្បាប់ទំាងឡាយដែលរដ្ឋសភា បានអនុម័ត គឺជាមាគ៌ាដ៍សំខាន់ចំាបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមសភាពការណ៍ជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះករុណជាអម្ចាស់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គទេសក៍ ដឹកនាំប្រទេសជាតិ ប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ដោយធានាស្ថិរភាព ឯករាជ្យនិងអធិបតេយេ្យភាពជាតិ ព្រមទាំងទប់ស្កាត់បាននូវអតិផរណា ដែលជាឌឿនសេដ្ឋកិច្ចដ៏រឹងមាំ សម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន ជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសេចក្តីសុខសន្តិភាព និងសុខដុមរមនា។

ក្រោយពីបានទទួលព្រះរាជសាររបស់អង្គព្រះមហាក្សត្រ អង្គប្រជុំរដ្ឋសភា បានពិភាក្សាអនុម័ត លើរបៀបវារៈ តាមនីតិវិធីជាបន្តបន្ទាប់៕

(អត្ថបទ៖ រដ្ឋសភា)

To Top