បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលានេះ ដើម្បីទទួលការព្យាបាលវីរុសCovid-19 ខណៈដែលលោកប្រធានាធិបតីរូបនេះ រួមទាំងស្ត្រីទី១ មេឡានៀត្រាំ (ភរិយា) ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19ទាំងពីរនាក់ កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះ ។
លោកស្រី ខេឡេក ម៉ាកអេណានី (Kayleigh McEnany) បាននិយាយថា គ្រួពេទ្យជំនាញបានអោយលោក ត្រាំ ទទួលថ្នាំប្រឆាំងមេ រោគឈ្មោះ Remdesivir នៅថ្ងៃដំបូងដែលលោកប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅដល់មន្ទីរពេទ្យ ។
លោកវេជ្ជបណ្ឌិត សៀន ខូលី (Sean Conley) ជាគ្រួពេទ្យប្រចាំរបស់លោក ត្រាំ បាននិយាយថា គ្រួពេទ្យជំនាញក៏បានចាក់បញ្ចូលអង់ទីគ័រថ្មីមួយប្រភេទចូលទៅក្នុងខ្លួនលោក ត្រាំ ផងដែរ ដែលអង់ទីគ័រថ្មីនេះ កំពុងដំណើរការសាកល្បងនៅឡើយ ។
សូមបញ្ជាក់ជូនថា ការចាក់អង់ទីគ័រប្រភេទថ្មីដែល កំពុងដំណើរការសាកល្បងចូលទៅក្នុងខ្លួនលោក ត្រាំ នេះ ធ្វើអោយក្រុមអ្នកជំនាញផ្នែកសុខភាព ជាច្រើន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារអង់ទីគ័រ ប្រភេទថ្មីនេះ មិនទាន់ត្រូវបានទទួលស្គាល់នៅឡើយទេ ។
សារធាតុអង់ទីគ័រនោះ ជាសារធាតុដែលត្រូវបានស្រាវជ្រាវដោយមន្ទីរពិសោធន៍ឈ្មោះ Regeneron តែមិនទាន់ត្រូវបានអនុញ្ញាតិឲ្យប្រើជាផ្លូវការដោយអាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយក៏មិនទាន់ប្រកាសពីប្រសិទ្ធភាពដែរ ។
ក្រោយលេចឮដំណឹងនេះ អ្នកជំនាញមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភ ព្រោះថា ការចាក់បញ្ចូលសារធាតុអង់ទីគ័រថ្មី ដែលស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ មិនទាន់បានធ្វើការសាកល្បងទ្រង់ទ្រាយធំបែបនេះ គឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ។
លោកស្រី ខាឡា ភើរីស៊ីណូតូ (Carla Perissinotto) អ្នកជំនាញវេជ្ជសាស្ត្រម្នាក់ នៅសកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានលើកឡើងថា ជាធម្មតា គេមិនអាចលេងសើចជាមួយនឹងផលអវិជ្ជមាន ដែលអាចបង្កឡើងដោយការចាក់បញ្ចូលអង់ទីគ័រថ្មីរបៀបនេះ ដោយចាក់បញ្ចូលក្នុងរាងកាយអ្នកជម្ងឺ ដែលមានវ័យ៧០ឆ្នាំជាង ដូចជាលោក ដូណាល់ ត្រាំ នោះទេ ។
ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក ត្រាំ នេះដែរ លោក សៀន ខូលី បានចេញសេចក្តីប្រកាសមួយ កាលពីយប់ថ្ងៃអាទិត្យថា លោកប្រធានាធិបតីរូបនេះ អាចនឹងចាកចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទ ទី៥ ខែតុលានេះ ដោយសារលោកមានសុខភាពល្អ ។
មេដឹកនាំ និងប្រជាពលរដ្ឋអាមេរិក និងពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលបច្ចុប្បន្ននេះ ដោយសារតែការបោះឆ្នោតជិតឈានចូលមកដល់ហើយ ។
នៅសល់រយៈពេលមិនដល់មួយខែទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកនឹងឈានចូលមកដល់ គឺនៅថ្ងៃទី៣ ខែវិច្ឆកា ចុងឆ្នាំ២០២០នេះ ប៉ុន្តែលោក ត្រាំ បែរជាឆ្លងវីរុសCovid-19ទៅវិញ ដែលប៉ះពាល់ដល់សុខភាពផ្ទាល់របស់លោក ។
នេះជាវាជាករណីមួយ ដែលមិនធ្លាប់កើតឡើងទាល់តែសោះសម្រាប់ប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលកាលបរិច្ឆេទបោះឆ្នោតជិតចូលមកដល់ បេក្ខជនប្រធានាធិបតី បែជាបានឆ្លងវីរុសCovid-19 និងចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទៅវិញ ។
ក្នុងករណី ដែលស្ថានភាពសុខភាពរបស់លោក ដូណាល់ ត្រាំ ឈានទៅដល់ធ្ងន់ធ្ងរ ហើយមិនអាចឈរឈ្មោះបោះឆ្នោតបាន គឺគណបក្សសាធារណៈរដ្ឋ ត្រូវតែរៀបចំស្នើបេក្ខភាពឈរឈ្មោះម្នាក់ទៀត ដែលមានសុខភាពល្អជាងលោក ត្រាំ ។
លោក វីនសិន ស៊ូរីយូ (Vincent Souriau) ជាប្រវត្តិវិទូជំនាញរបស់សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា គណកម្មការពិសេសមួយរបស់គណបក្សសាធារណៈរដ្ឋ ដែលមានសមាជិក១៦៨នាក់ ៣នាក់តំណាងរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក ជាអ្នកស្នើបេក្ខជនឈរឈ្មោះថ្មីម្នាក់ទៀតជំនួសលោក ត្រាំ ប្រសិនបើលោក ត្រាំ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយ នីតិវិធីនេះ មិនមែនធ្វើមួយថ្ងៃបាននោះទេ គឺត្រូវចំណាយពេលយូរ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លងវីរុសCovid-19 គឺមិនទាន់ត្រូវបានបង្ហាញអោយបានច្បាស់លាស់ថាតើប្រធានាធិបតីរូបនេះ បានឆ្លងវីរុសCovid-19ពីនរណា និងមកពីប្រភពណានោះទ ។
អ្នកជំនាញផ្នែកជំងឺឆ្លងជាច្រើនរបស់សហរដ្ឋអាមេរិក បានលើកឡើងថា លោក ត្រាំ ទំនឹងជាឆ្លងវីរុសCovid-19ពីលេខាផ្ទាល់របស់លោក គឺលោកស្រី Hope Hicks ដែលជាទីប្រឹក្សាទំនាក់ទំនងសេតវិមាន និងជាមនុស្សស្និទ្ធជាមួយលោក ត្រាំ បំផុត ។
លោកស្រី Hope Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19មុនលោក ត្រាំ ទៅទៀត ហើយលេខារបស់លោក ត្រាំ រូបនេះ តែងតែអមដំណើរ និងនៅជិតលោក ត្រាំ ទៅស្ទើរគ្រប់ទីកន្លែងក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងនៅសេតវិមាន ។
បែបនេះហើយ បានជាអ្នកជំនាញផ្នែកសុខភាពបានសន្និដ្ឋានថា លោក ត្រាំ គឺទំនងជាឆ្លងវីរុសCovid-19ពីលោកស្រី Hope Hicks ដែលជាលេខារបស់ខ្លួន ហើយលោកស្រីលេខារូបនេះ អាចឆ្លងវីរុសនេះពីទាហាន ដោយសារលោកស្រី Hope Hicks បានទៅចាប់ដៃ និងអោបទាហានក្នុងថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ។
សន្និដ្ឋាន៖ ប្រសិនបើលោក ត្រាំ ឈឺធ្ងន់មិនអាចធ្វើការកើត តើបាននរណាជំនួស ?
ក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានចែងថា ក្នុងករណីដែលប្រធានាធិបតីមានបញ្ហាសុខភាពធ្ងន់ធ្ងរមិនអាចធ្វើការបាន ឬប្រធានាធិបតីបាត់បង់ជីវិត គឺអនុប្រធានាធិបតីជាអ្នកកាន់តំណែងជំនួសដោយស្វ័យប្រវត្តិ ដោយមិនបាច់បោះឆ្នោតនោះទេ ។
ហើយបើក្នុងករណី អនុប្រធានាធិបតីបាត់បង់សមត្ថភាពធ្វើការងារ ឬបាត់បង់ជីវិតដូចប្រធានាធិបតី គឺប្រធានរដ្ឋសភាជាអ្នកដឹកនាំប្រទេសជំនួស ទោះបីជាប្រធានរដ្ឋសភាមកពីគណបក្សណាក៏ដោយ ក៏អាចដឹកនាំប្រទេសបានដែរ ។
មានន័យថា ប្រសិនបើលោក ដូណាល់ ត្រាំ បាត់បង់សមត្ថភាពធ្វើការងារដោយសារតែការឆ្លងវីរុសCovid-19 គឺលោក ម៉ាយ ផេន អនុប្រធានាធិបតីជាអ្នកដឹកនាំប្រទេសជំនួស ហើយបើលោក ម៉ាយ ផេន បាត់បង់សមត្ថភាពធ្វើការងារ ឬគ្រោះថ្នាក់ដល់អាយុជីវិតដូចលោក ត្រាំ ដែរ គឺលោកស្រី ណាន់ស៊ី ប៉ែឡូស៊ី មកពីគណបក្សប្រជាធិបតេយ្យជាអ្នកដឹកនាំប្រទេសបន្ទាប់៕