ភ្នំពេញ៖ ក្រោយពីមានសេចក្តីប្រកាស ជ្រើសរើសកម្មករជាច្រើននាក់ បន្ថែមបម្រើការប្រមូលសំរាម ជំនួសឲ្យកម្មករ ស៊ីនទ្រី ដែលធ្វើកូដកម្ម លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យកម្មករ ដែលកំពុងធ្វើកូដកម្ម ត្រូវឈប់ជាបន្ទាន់ ដោយកុំយក សម្រាមធ្វើជាចំណាប់ខ្មាំង ក្នុងការទាមទារលក្ខខណ្ឌ ផ្ទុយពីច្បាប់កំណត់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកឡើងតាមបណ្តាញសង្គម នាយប់ថ្ងៃទី៥ ខែតុលា ២០២០នេះថា “យើងមិនអាចបន្តអនុញ្ញាត ឲ្យអ្នកយកសម្រាម ធ្វើជាចំណាប់ខ្មាំង ដើម្បីតថ្លៃ លើការទាមទារ ផ្ទុយពីច្បាប់ឡើយ”។
លោកថែមទាំងបាន ឲ្យដឹងទៀតថា រដ្ឋបាលរាជធានីបាន ព្យាយាមសម្របសម្រួល ពន្យល់ណែនាំ គ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់កម្មករប្រមូលសម្រាម ដែលកំពុងទាមទារ លក្ខខណ្ឌមិនសមស្របមួយចំនួន។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា “ទោះឈរលើ ស្មារតីយោគយល់ ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាព មិនអំណោយផលដល់ការ បន្តរងចាំ ហើយជម្រើស នៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍ នៃការ សំអាតទីក្រុងឡើងវិញ”។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវ កម្មករប្រមូលសម្រាម ដែលកំពុងធ្វើកូដកម្ម ភ្ញាក់រលឹក និងបញ្ឈប់សកម្មភាព ទាមទារខុសច្បាប់ការងារ ។ លោកជឿជាក់ថា កម្មករទាំងនោះ នឹងវិលត្រឡប់ មកបំពេញតួនាទី រៀងៗខ្លួនឡើងវិញ ដើម្បីទីក្រុងស្រស់ស្អាត ។
ក្នុងនោះដែរ អ្នកនាំពាក្យរូបនេះ ក៏បានថ្លែងអរគុណ ដល់ការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ក្នុងស្ថានភាព ដែលកំពុងដោះស្រាយនេះផងដែរ៕ ដោយ៖ ដារាត់