ព័ត៌មានជាតិ

សម្ដេចតេជោ សូមព្រះរាជទានទោសចំពោះ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលប្រើវ៉ែនតាពណ៌ខ្មៅ ក្នុងពេលដង្ហែព្រះអង្គទាំងទ្វេ យាងទៅចិន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចបានធ្វើនៅកំហុស ដោយអចេតនាមួយ គឺប្រើវ៉ែនតាពណ៍ខ្មៅ ក្នុងពេលដង្ហែ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ យាងទៅទីក្រុងប៉េកាំង នៃប្រទេសចិន នាពេលព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

យោងតាមបណ្តាញសង្គម ហ្វេសប៊ុករបស់ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៦ តុលា បានសរសេរថា «ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានធ្វើនៅកំហុស ដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅ ក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្ត ហោះពោចិនតុង»។

សម្ដេចតេជោ បន្ដថា «នេះមិនមែនជាទម្លាប់ខាង ពិធីការរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទានទោស ចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០២០ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ៕

ដោយ៖ អេង ប៊ូឆេង

To Top