ភ្នំពេញ៖ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានជំរុញមន្រ្តីទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់បន្តអនុវត្តការងារ រឹតបន្តឹងបទល្មើសដឹក លើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក សេង ឈួន បានថ្លែងថា «សូមកោតសរសើរ ដល់មន្រ្តីដែលបានខិតខំអនុវត្តការងារ កន្លងមក និងជំរុញមន្រ្តីទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ បន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើស ទម្ងន់កម្រិតកំណត់ ឲ្យកាន់តែប្រសើរឡើង»។
បន្ថែមពីនេះទៀត រដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីតាមស្ថានីយ ឲ្យពង្រឹងការអនុវត្តការងារ ឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយ ដៃគូពាក់ព័ន្ធ។
សូមជម្រាបថា បើតាមរបាយការណ៍ នៃការអនុវត្តការងារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ បានឲ្យដឹងថា មានរថយន្តត្រួតពិនិត្យសរុប ចំនួន១ ៥៤២.៤៤៤ គ្រឿង ក្នុងនោះ មានរថយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន ៤១៥.៩១៧ គ្រឿង ស្មើនឹង ២៦,៩៦%៕
ដោយ៖ អេង ប៊ូឆេង