ព័ត៌មានជាតិ

អាជ្ញាធរមីន ស្នើសុំ MAG បន្តកៀរគរថវិកាបន្ថែម ដើម្បីជួយកម្ពុជាឲ្យសម្រេចគោលដៅ ឆ្នាំ២០២៥ គ្មានមីន

ភ្នំពេញ ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកស្រី Rebecca Letven នាយកអង្គការ MAG ប្រចាំប្រទេសកម្ពុជា និងលោក Nick Guest, MAG Global Technical Adviser ជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យសកម្មភាពមីន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន។

ឆ្លៀតឱកាសនោះដែរ លោក ព្រំ សុភមង្គល ក៏បានស្នើសុំ MAG បន្តកៀរករថវិកាបន្ថែម ដើម្បីជួយកម្ពុជាឲ្យសម្រេចគោលដៅឆ្នាំ២០២៥ អស់ការគម្រាមដោយសារមីន។

សូមរំលឹកថាតាមរយៈ សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសប្រារពខួប លើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ កម្ពុជាត្រូវការថវិការប្រមាណ ៣៧៧លានដុល្លារ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមដែលមាននៅលើផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូឆ្នាំ២០១៩ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជិត ២០០០លានម៉ែត្រក្រឡា រកឃើញ និងកម្ចេចចោលគ្រាបមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២ម៉ឺន ៥ពាន់គ្រាប់ គ្រាប់បែបចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមបានជិត ៣លានគ្រាប់ និងបានជនរងគ្រោះដោយសារមីនថយពីចំនួន ៤៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៧៧នាក់ ឆ្នាំ២០១៩៕

To Top