ព័ត៌មានជាតិ

លោក គៀត ច័ន្ទថារិទ្ធ ណែនាំ មន្រ្តីអន្តោប្រវេសន៍ ត្រូវបង្កើនការងារបន្ថែមទៀត ចំពោះពលរដ្ឋខ្មែរលួច ឆ្លងដែនខុសច្បាប់

ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំទៅដល់មន្រ្តី នគរបាលអន្តោ ប្រវេសន៍ ត្រូវបង្កើនកិច្ចការងារ គ្រប់គ្រងជនអន្តោប្រវេសន៍ ឆ្លងដែនខុសច្បាប់ និងប្រជាពលរដ្ឋខ្មែរ លួចឆ្លងខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមជម្រាបថា លោក គៀត ច័ន្ទថារិទ្ធ ណែនាំបែបនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា បើទោះបីជាជំងឺ កូវីដ-១៩ នៅតែបន្តរាតត្បាតជាសកល ប៉ុន្តែពលករខ្មែរ នៅតែព្យាយាមឆ្លងដែនខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កើតមានជារៀងរាល់ថ្ងៃ ដោយសារតែកត្តាជីវភាព និងតាមការអូសទាញ ពីសំណាកមេខ្យល់ ដើម្បីចេញទៅធ្វើការងារ។ ខណៈក្នុងខែកញ្ញា ភាគីថៃ បានចាប់បញ្ជូនត្រឡប់មកវិញ ចំនួន ៣៦លើក ស្មើនឹង ៩៩៥នាក់។

ក្នុងកិច្ចប្រជុំលទ្ធផលការងារ ប្រចាំខែកញ្ញា និងទិសដៅការងារ ខែតុលា ឆ្នាំ២០២០ របស់អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ បានណែនាំទៅដល់ មន្រ្តី នៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង់ ពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វាព្រំដែន និងទប់ស្កាត់ការចំណាកស្រុកដោយ ខុសច្បាប់ ជៀសផុតពីជំងឺឆ្លង កូវីដ-១៩។

លោកបន្ដថា «សូមណែនាំទៅដល់ មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយ មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើសេវាសាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត ជាពិសេស ត្រូវបង្កើនកិច្ចការងារគ្រប់គ្រង ជនអន្តោប្រវេសន៍ ឆ្លងដែនដោយខុស ច្បាប់ និងពលរដ្ឋខ្មែរ លួចឆ្លងដោយខុសច្បាប់ ជាពិសេសប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេស ស្ថិតនៅក្នុងគ្រាអាសន្ន មួយខែបន្ថែមទៀត»៕

To Top