ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រកាសផ្អាក ដំឡើងប្រាក់ខែ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារសេដ្ឋកិច្ច មិនច្បាស់លាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាល នឹងផ្អាកដំឡើងប្រាក់ខែជូន មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយសារតែបញ្ហាសេដ្ឋ កិច្ចមិនច្បាស់លាស់។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសូមអភ័យទោសដល់ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ទាំងអស់ថា ដោយសារតែបញ្ហាកូវីដ-១៩ ធ្វើឲ្យសេដ្ឋកិច្ចមានការប្រែប្រួល ទើប រាជរដ្ឋាភិបាល មិនបានដំឡើងប្រាក់បៀវត្សដល់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ប្រាក់ខែឆ្នាំ២០២១ ដោយសារតែសេដ្ឋកិច្ចមិនច្បាស់លាស់ សូមផ្អាក នូវការដំឡើង ក្នុងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុក ប្រាក់បៀវត្សដដែល។តែប្រាក់ឧបត្ថម្ភសម្រាប់ ចូលឆ្នាំ និងភ្ជុំបិណ្ឌ អាហ្នឹងនៅឲ្យ»។

បន្ថែមពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា អ្វីដែលជាការយកចិត្តទុកដាក់ ចំពោះ អតីតយុទ្ធជន និងនិវត្តន៍ជន នឹងបង្កើនប្រាក់បៀវត្ស ចំពោះអ្នកចូលនិវត្តន៍មុនៗ ។ ប៉ុន្ដែអ្នកចូលនិវត្តន៍ ឥឡូវនេះ មិនត្រូវបានដំឡើងប្រាក់បៀវត្សឡើយ ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលជាការយកចិត្តទុកដាក់ ដែលជម្រាបជូនទៅ អតីតយុទ្ធជន និងនិវត្តន៍ជន គឺយើងនឹងបង្កើនប្រាក់បៀវត្ស ចំពោះនិវត្តន៍ជន និងអតីតយុទ្ធជន ដែលចូលនិវត្តន៍មុន។ កាលចូលនិវត្តន៍មុនគាត់ប្រាក់ខែ៤០ម៉ឺនរៀល ដល់គេកាត់ទៅនៅសល់៣០ម៉ឺនរៀល។ បើប្រៀបធៀប អ្នកចូលនិវត្តន៍ឥឡូវយើងថា ប្រាក់ខែ១លានរៀល ដល់ចូលនិវត្តន៍ទៅគេកាត់២០% នៅសល់៨០ម៉ឺន រៀល។អីចឹងរវាងអ្នកចូលនិវត្តន៍មុន នឹងអ្នកចូលនិវត្តន៍ក្រោយគឺខុសគ្នា ។អីចឹងយើងប្រើទំហំទឹកប្រាក់ ប្រមាណ១០លានដុល្លារ ដើម្បីរុញក្នុងមួយឆ្នាំ ដើម្បីរុញឲ្យអ្នកចូលនិវត្តន៍មុន កុំឲ្យខុសគ្នាឆ្ងាយពេក ចំពោះអ្នកចូលនិវត្តន៍ក្រោយ»។

សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាល មិនភ្លេចឡើយចំពោះ អតីតយុទ្ធជន និងនិវត្តន៍ជន ដែលបាន ចូលនិវត្តន៍កាលពេលមុនៗ ។
សម្ដេចថា មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កំពុងធ្វើការងារសព្វថ្ងៃ នេះ ព្រមទាំង អតីតយុទ្ធជន និងនិវត្តន៍ជន ដែលចូលនិវត្តន៍នាពេលបច្ចុប្បន្ននេះ មិនទទួលបានការដំ ឡើងប្រាក់ខែឡើយ។

ឆ្លៀតឱកាសនោះ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល៣ខែ បន្ថែមទៀត ដល់គ្រួសារ និងអ្នកងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ-១៩។ក្រុមគ្រួសារ និងអ្នកងាយរងគ្រោះ ដោយ សារជំងឺកូវីដ-១៩ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា មកដល់ខែតុលា មានចំនួនប្រមាណ ៦០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់។

ក្រៅពីទៀត នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសបន្តគ្រប់វិធានការ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបន្តរយៈពេល៣ខែទៀត ដូចជា ការឧបត្ថម្ភធនបន្ថយ និងលើកលែងពន្ធដល់ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏ដូចជា ការឧបត្ថម្ភដល់បុគ្គលិកកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងការបន្តបើកប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត ដែលសម្រាលកូន ជាដើម ៕

ដោយ ៖ អេង ប៊ូឆេង

To Top