ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី កម្ពុជា យល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ (វីដេអូ)

នាយករដ្ឋមន្ត្រីកម្ពុជា យល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា

នាយករដ្ឋមន្ត្រីកម្ពុជា យល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ

បាន​បង្ហោះ​ដោយ DAP News នៅ ពុធ 7 តុលា 2020

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

ក្នុងកិច្ចប្រជុំ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ទោះបីប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក្ដី ប៉ុន្ដែយេីងចង់បង្ហាញពីការប្ដេជ្ញាចិត្តរបស់យេីង ដេីម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយផ្អែកលេីសមត្ថភាព និងធនធាន ដែលមាន”។

សម្ដេចតេជោ បន្ដថា “នៅក្នុងកម្រិតសកល ខ្ញុំយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ទន្ទឹម នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតា”។

លើសពីនេះ សម្តេចតេជោ យល់ថា ពិភពលោកត្រូវបង្កើនធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញប្បទានអាកាសធាតុសម្រាប់ការបន្សាំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍ បានសន្យាកន្លងមក និងផ្ទេរបច្ចេកវិទ្យាជូនដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ទាំងសម្រាប់យន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើការស្រាវជ្រាវឯកជន ក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធពលថាមពល ការការពារព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាការបណ្ដុំជាដើម ។

សម្ដេចតេជោ បន្ថែមថា ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅ នឹងក្របខ័ណ្ឌតំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។

ជាងនេះទៅទៀត នាយករដ្ឋមន្ត្រី កម្ពុជា ក៏លើកឡើងថា ទោះបីជាធនធាន និងសមត្ថភាពកម្ពុជា នៅមានកម្រិតក៏ដោយ តែកម្ពុជា មានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ ក្នុងការរួមចំណែក ដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះ របស់អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ស្ដីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕

ដោយ ៖ អេង ប៊ូឆេង

To Top