ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ

ភ្នំពេញ ៖ កម្ពុជា -អាមេរិក បាននិងកំពុងបន្ដកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទបន្ថែមទៀត ទៅលើកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានស្នើសុំក្រសួងមហាផ្ទៃ បន្ដកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ ថែមទៀត ទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ។ ជាពិសេសរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាង ណាឱ្យការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារនេះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើការងារកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជាការងារចុះធ្វើអធិការកិច្ច ការត្រួតពិនិត្យគោលដៅនានា ដើម្បីជួយដល់ជនរងគ្រោះ នៅក្នុងអំពើជួញដូរនេះ។

ជាការឆ្លើយតបចំពោះបញ្ហានេះ សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រ និងរីករាយបន្ដកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជិតស្និតបន្ថែមទៀត លើកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ ដូចបានធ្វើនាពេលកន្លងមក។

ក្នុងនោះសម្ដេចក្រឡាហោម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះផងដែរ ហើយកម្ពុជាមានយន្តការមួយ គឺគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាយន្ដការជាតិ ដើម្បីធ្វើកិច្ចការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនេះ។

សម្ដេចក្រឡាហោម បានគាំទ្រចំពោះការងាររវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ក្នុងការធ្វើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ។ មិនត្រឹមតែកិច្ចការងារទាំងពីរនេះទេ សម្ដេចក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការលើការងារ សំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងអំពើភេវរកម្ម និងបទល្មើសឆ្លងដែនផ្សេងៗ ទៀតផងដែរ ៕

ដោយ ៖ អេង ប៊ូឆេង

To Top