ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ សោកស្តាយ ចំពោះទង្វើកម្មករ​ ស៊ីនទ្រី មិនចេញមក ប្រមូលសំរាម ដូចបានព្រមព្រៀងគ្នា កាលពីថ្ងៃ៧ តុលា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី បន្ទាប់ពីកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្ត មិនព្រមចេញឡាន ទៅប្រមូលសំរាម តាមការព្រមព្រៀង ធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយ ចំពោះទង្វើនេះ នឹងត្រូវចេញវិធានការ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប របស់ខ្លួន ដើម្បីប្រមូលសំរាម ដែលកំពុងកកស្ទះ ស្ទើពាសពេញ ទីក្រុងភ្នំពេញ ។

យោងតាម សេចក្តីជូនដំណឹង ស្តីពី ការធ្វើកូដកម្ម របស់កម្មករក្រុមហ៊ុន ស៊ីនទ្រី ដែលបានផ្សព្វផ្សាយ ជាសាធារណៈ បានឲ្យដឹងថា “កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំ ជាមួយសហជីព និងតំណាងបងប្អូនកម្មករ និយោជិត របស់ក្រុមហ៊ុន ស៊ីនទ្រី ដែលកំពុងធ្វើកូដកម្ម មិនចេញប្រមូលសំរាម ដើម្បីរកដំណោះស្រាយ អោយបានសមស្រប តាមផ្លូវច្បាប់ ។ ជាលទ្ធផល នៃកិច្ចប្រជុំ ទទួលបាន៖ ១. ចំពោះសំណើររបស់បងប្អូន កម្មករនិយោជិត ទាមទារអោយក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយ ពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុន ទទួលដោះស្រាយ តាមច្បាប់ ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ ។ ២. ចំពោះការងាររបស់បងប្អូន កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុន ស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣. សូមអោយបងប្អូន កម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារ ជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះតទៅ” ។

សេចក្តីជូនដំណឹងដដែរនេះ បានឲ្យដឹងទៀតថា “ប៉ុន្តែជាក់ស្តែង នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដដែល បងប្អូនកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្ត មិនព្រមចេញឡាន ទៅប្រមូលសំរាម តាមការប្រមព្រៀងទេ ។ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយ ចំពោះទង្វើរបស់កម្មករ និយោជិត របស់ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន ដែលមិនបានគោរពតាម ការប្រមព្រៀង ដូចដែលមានចែង នៅក្នុងកំណត់ហេតុអង្គប្រជុំ” ។

ជាមួយគ្នានោះដែរ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាម ដែលមានការកកស្ទះ នៅរាជធានីភ្នំពេញ អោយអស់ ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ៕ ដោយ៖ ដារាត់

To Top