ព័ត៌មានជាតិ

លោកនេត សាវឿន ៖ ពួកឧក្រិដ្ឋជន មិនទាន់បោះបង់ចោល ឧបាយកលបំផ្លាញ រាជរដ្ឋាភិបាល

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវ នាវដល់កងកម្លាំង នគរបាលទាំងអស់ ត្រូវតែត្រៀមខ្លួនជានិច្ច ក្នុងការទប់ស្កាត់ ចំពោះពួកអមិត្ត ដែលមានចេតនាចង់ធ្វើ ឲ្យប្រទេសមានភាពវឹកវរ ខណៈការប៉ុនប៉ងរបស់ពួក ទាំងនោះនាពេលកន្លងមក មិនបានសម្រេចក្តី ប៉ុន្តែពួកគេនៅតែចិញ្ចឹមចិត្តជានិច្ច ក្នុងចេតនាចង់ធ្វើព្យុះធ្វើភ្លៀង ឲ្យប្រទេសមានភាព រញ៉េរញ៉ៃ។

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ និងសមិទ្ធផលនានា នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៨ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា នាពេលបច្ចុប្បន្ន ប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ ដូច្នេះក្នុងនាម ជានគរបាល ត្រូវតែការពារឲ្យបាន នូវភាពសុខស្រួល របស់ប្រជាជន និងប្រទេសជាតិ ដោយមិនត្រូវអនុញ្ញាត ឲ្យបុគ្គលណាមួយ មកធ្វើការបំផ្លិច បំផ្លាញបាននោះឡើយ។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា « យើងជាកងកម្លាំងប្រដាប់អាវុធ ត្រូវព្យាករណ៍ ចំពោះពួកអមិត្ត និងក្រុមពួក ឧទ្ទាម ខណៈរហូតដល់ថ្ងៃនេះ ម៉ោងនេះ ពួកឧទ្ទាមពួកក្បត់ ជាតិ និងពួកឧក្រិដ្ឋជន មិនទាន់បានបោះបង់ចោល នូវ ឧបាយកល របស់ពួកគេនោះទេ នៅតែបន្តបំផ្លាញ​ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញ ពីការបោះឆ្នោតដដែល ។ ដូច្នេះសមត្ថកិច្ចជាតិ សមត្ថកិច្ច រាជធានីភ្នំពេញ យើងត្រូវតែការពារ នូវសេចក្តីសុខ សន្តិភាពជូនប្រជាពលរដ្ឋ ជាង១៦លាននាក់ គ្រប់ ពេលវេលា បើបុគ្គលណា ឬក្រុមណាចង់បំផ្លាញនោះ ត្រូវតែកម្ចាត់ចោលភ្លាម»។

ជាមួយគ្នានោះដែរ អគ្គស្នងការនគរបាលជាតិ ក៏បានអំពាវនាវដល់នគរបាល ទាំងអស់ត្រូវខិតខំ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀតផងដែរ ខណៈបញ្ហាបទល្មើស នៅតែបន្តកើតមាននៅឡើយ ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានោះ ។

ក្នុងនោះដែរ លោក ​​ឃួង ស្រេង​ ​​អភិបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធាន​គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានមានប្រសាសន៍ បញ្ជាក់ផងដែរថា គណៈបញ្ជាការឯកភាព​ រាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ យើងបានរក្សា សន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាពលរដ្ឋ​ នៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណា ឱ្យភូមិសង្កាត់មានសុវត្ថិភាព ថែមទៀតនោះ ជាទិសដៅ របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ គឺបន្តយុទ្ធនាការ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ។ ទី២ បន្តអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។ ទី ៣ ការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ។ ទី៤ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពិសេស ការផ្ដល់អត្តសញ្ញាណប័ណ្ណ តាមច្រកចេញចូលតែមួយ ដែលយើងគ្រោង និងអនុវត្ត នៅពេលដ៏ឆាប់ខាងមុខនេះ និងទី៥ គឺការត្រៀមរៀបចំ និងកិច្ចការទប់ស្កាត់ នៅការចូលស្រុកវិញ របស់មេខ្លោងបដិវត្តន៍ពណ៌។

ជាមួយគ្នានេះដែរ លោក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានអោយដឹងថា ដោយមើលឃើញអគារ នៃអធិការរដ្ឋាន នគរបាលខណ្ឌដូនពេញ មានលក្ខណៈ ចាស់ទ្រុឌទ្រោម ទើបសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអោយសាងសង់ ជាអគារថ្មីឡើងវិញ ដោយមានកម្ពស់ ៥ជាន់ មាន ២៧បន្ទប់ បំពាក់ដោយជណ្ដើរយន្ត មានសាលប្រជុំ មានសាលសម្រាប់ធ្វើការ មានបន្ទប់ឃុំខ្លួន បណ្តោះអាសន្ន ដោយចំណាយថវិកា អស់ចំនួន ជាង៦៦៨ ០០០ដុល្លារសហរដ្ឋអាមេរិក ដោយបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៨មិនាឆ្នាំ ២០១៩ និងបានបញ្ចប់ ការសាងសង់ ជាស្ថាពរកាលពីថ្ងៃទី ២៧ ឧសភាឆ្នាំ២០២០ ។

ពាក់ព័ន្ធនឹងការ​ កសាងអាគារនេះផងដែរ ក្រសួងមហាផ្ទៃ ក៏ត្រៀមនឹងធ្វើការសាងសង់ អធិការដ្ឋានគរបាលខណ្ឌ ចំនួន​៤បន្ថែមទៀតផងដែរ ដែលក្នុងនោះ មានដូចជា អធិការដ្ឋាន នគរបាលខណ្ឌ ជ្រោយចង្វា ព្រែកព្នៅ កំបូល នឹងអធិការដ្ថាន នគរបាល ខណ្ឌមានជ័យ ។

គួរបញ្ជាក់ផងដែរថា ការបើកសម្ពោធសមិទ្ធផល នៃអាគារអធិការនគរបាល ខណ្ឌដូនពេញនេះ ក៏បានបញ្ចូល រួមជាមួយនឹងការបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ អាគារចរាចរណ៍ ប៉ុស្តិ៍នគរបាល ២៤ម៉ោងលើ ២៤ម៉ោង សរុបចំនួន ៧អគារ ដើម្បីទុកឱ្យ កងកម្លាំងមានសមត្ថកិច្ច បានសម្រាក និងបំពេញការងារ ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ទាំងការដោះស្រាយ បញ្ហាចរាចរណ៍ ក៏ដូចជាកិច្ចការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាប្រជាពលរដ្ឋ ហើយក្នុងចំណោយ អគារទាំង៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភ ចំនួន៥អគារ៕ ដោយ អេង ប៊ូឆេង

To Top