ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ ស្រាយបំភ្លឺលើអតីត អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ដែលត្រូវកាត់ទោស ក្រោយមានគេចោទថា ចែកផលប្រយោជន៍ មិនស្មើគ្នា

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការ ស្រាយបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិនដែលត្រូវបានតុលាការសម្រេចផ្តន្ទាឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លាន រៀល ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេករបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

បើតាមផេកក្រសួង បុគ្គលនេះត្រូវបានចោទសួរ ដោយលោក ហេង រស្មី វិទ្យុអាស៊ីសេរី ដោយលើកយកទស្សនរបស់អ្នកវិភាគថា ដោយសារតែលោក គ្រុយ លឹមហេង បែងចែកប្រយោជន៍មិនស្មើគ្នារឿងបញ្ហាពុករលួយជាមួយ មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ដោយសារតែកុង ស៊ុលកម្ពុជាប្រចាំខេត្តយូណានជាស្ថាប័នមួយរកចំណូល ចូលក្រសួងការបរទេស។ ចំណូលទាំងនោះ បានមកពីការ លាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ចេញលិខិតឆ្លងដែនការបរទេសខ្មែរដល់ពលរដ្ឋចិន និងការរត់ពន្ធមនុស្សជាដើម។

តាមការបំភ្លឺរបស់ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន គឺរឿងនេះកើតចេញ ពីការរកឃើញមានការបាត់ visa stickers ហើយមានការចោទ ប្រកាន់គ្នាទៅវិញទៅមក រវាងអ្នកទទួលខុសត្រូវ នៅក្នុងស្ថានអគ្គកុងស៊ុលនោះ។

លោកថា ដើម្បីរកមូលហេតុ និងអ្នកដែលទទួលខុសត្រូវ ពិតប្រាកដ ក្រសួងក៏សម្រេច បើកការស៊ើបអង្កេតស្រាវជ្រាវ ។ដោយការស៊ើបអង្កេតផ្ទៃក្នុង មិនអាចវែកញែក រកឃើញយុត្តធម៌បាន ក៏ត្រូវបញ្ជូនទៅអង្គភាពប្រឆាំង អំពើពុករលួយ ទើប រឿងឡើងដល់តុលាការ ហើយក៏មានដីកាសម្រេច បែបនេះក្រោយស៊ើបអង្កេតចប់។

រដ្ឋមន្រ្តីបរទេសខ្មែរ បកស្រាយថា ចំណូលដែលបានមកពី ស្ថានកុងស៊ុលនានា គឺសឹងតែទាំងស្រុង ជាចំណូលពីការ បង់ថ្លៃទិដ្ឋាកា ពីសំណាក់ភ្ញៀវបរទេស។ ចំណូលនេះត្រូវបានផ្ទៀងផ្ទាត់ និងបង្វែរមកក្រសួង ហើយបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពេលវេលាកំណត់ជាទៀងទាត់។ ភាពហ្មត់ចត់ ក្នុងការផ្ទៀងផ្ទាត់នេះហើយ ទើបនាំដល់ការរកឃើញ ការបាត់ visa stickers កន្លងទៅនេះ។

លោកបន្តថា ស្ថានទូត ស្ថានអគ្គកុងស៊ុល ទាំងអស់នៅបរទេស មិនមានចេញលិខិតឆ្លងដែនទេ។ ក្រសួងមិនផ្តល់លិខិត និងឧបករណ៍ឲ្យស្ថានបេសកកម្មនៅក្រៅ ប្រទេសសម្រាប់ចេញលិខិតឆ្លងដែននោះទេ ទោះប្រភេទណាក៏ដោយ។ ហេតុនេះ ការចោទថាស្ថានអគ្គកុងស៊ុលចេញលិខិតឆ្លងដែនឲ្យបរទេស គឺជាការបកអាក្រាតភាព ល្ងង់ខ្លៅនៃអ្នកចោទទៅវិញទេ។

ប្រមុខការទូតខ្មែរបញ្ជាក់ថា “ការចោទថា ស្ថានអគ្គកុងស៊ុល រកចំណូលតាមរយៈការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ដោយគ្មានបង្ហាញភស្ថុតាងអ្វីទាំងអស់នោះ គឺជាការបង្ខូចឈ្មោះ មួលបង្កាច់ទាំងស្រុង។ ម៉្យាងទៀតក៏ជាការមើលងាយ ដល់សមត្ថកិច្ច នៃអជ្ញាធររដ្ឋម្ចាស់ផ្ទះ យ៉ាងងងើលដែរ”។

លោកថា ចំពោះការរត់ពន្ធមនុស្ស វាជាបញ្ហាដែលកើតមាន សម្រាប់គ្រប់ប្រទេសនៅលើលោក។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្ថានទូត ស្ថានអគ្គកុងស៊ុលខ្មែរ ទាំងអស់ មិនមែនជាអ្នកប្រព្រឹត្ត ជំនួញទុច្ចរិតនេះទេ តែស្ថាប័ននេះ ជាអ្នកជួយទប់ស្កាត់ឧក្រិដ្ឋកម្មនេះ និងជួយសង្គ្រោះអ្នកដែលរងគ្រោះ ទៅវិញទេ។

ក្នុងនោះ លោក សង្កត់ធ្ងន់ថា ការការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស គឺជាភារកិច្ចស្នូលនិងសំខាន់បំផុត នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

សូមបញ្ជាក់ថា លោក គ្រុយ លឹមហេង ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រា យកលុយពីពលរដ្ឋ ដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ ៕

To Top