ភ្នំពេញ ៖ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកលេង តាមបណ្តាញ សង្គមហ្វេសបុក ខណៈការលេង របស់ជនអគតិមួយក្តាប់តូច បានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុល ឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាព ប្រទេសជាតិ ដែលកំពុងមានសព្វថ្ងៃ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់ បណ្តាញសង្គមហ្វេសបុក ដោយសេរីរហូតអ្នកខ្លះ បានយកបណ្តាញសង្គមនេះ មកធ្វើការរិះគន់ និងញុះញង់ ឲ្យមានការស្អប់ថ្នាក់ដឹកនាំ និងវាយប្រហារនគរបាល ខណៈដែលនគរបាល បានប្រព្រឹត្តកំហុសឆ្គង អ្វីជាដើមនោះ ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា «ការលេងបណ្តាញសង្គម ដូចជាយូធូប តិកតុក និងហ្វេសបុកនេះ ពេលឃើញគេបង្ហោះ ហើយសូមកុំទាន់ជឿ ហើយត្រូវយកមកពិចារណា ខណៈសព្វថ្ងៃនេះ មានជនមួយចំនួន កំពុងតែបំពុលបរិយាកាសសង្គម ហើយជនខិលខូចខ្លះទៀត កំពុងតែយកបណ្តាញសង្គមនេះ មកបោកបងប្អូនប្រជាពលរដ្ឋយកលុយ។ ដូច្នេះសូមយើងទាំងអស់គ្នា ត្រូវចេះពិចារណាទាក់ទងនឹងការលេងនេះ ហើយត្រូវតែមាន ការប្រុងប្រយ័ត្ន កុំឲ្យការលេងតាមបណ្តាញសង្គមនេះ ក្លាយជាផលវិបាក ដល់ខ្លួនឯង ពិសេសបង្កើត អោយមានចលនា បដិវត្តពណ៌ឲ្យសោះ»។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះក្នុងនាមយើង ជានគរបាលត្រូវតែការពារ ឲ្យបានដាច់ខាត នូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមិនត្រូវអនុញ្ញាតឲ្យ បុគ្គលណាមួយ មកធ្វើការបំផ្លិតបំផ្លាញបាននោះឡើយ ។
ឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹក ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ជាពិសេសមានឆន្ទៈ និងគុណធម៌ក្នុងការបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវ ដល់សិក្ខាកាមជានគរបាលទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទាក់ទងនឹងមេរោគកូវិដ១៩ ខណៈមេរោគនេះ នៅតែបន្តកើតឡើង ជាបន្តបន្ទាប់នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងនេះ។ ដោយកុំសន្តិភាពនិយម ជាមួយនឹងមេរោគមួយនេះឲ្យសោះនោះ៕