ភ្នំពេញ ៖ នារីក្រមុំរូបស្រស់ម្នាក់ បានងូតទឹកលេងជាមួយ មិត្តភ័ក្កិហើយភ្លាត់ស្នៀត រអិលជើងធ្លាក់ទឹកលិចបាត់ កាលពីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ លុះវេលា ម៉ោង៩និង២៥នាទីយប់ ទើបរកសាកសពឃើញ។
ករណីនេះបានកើតឡើង នៅជិតផ្សារភូពុយស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ នេះបើតាមការបង្ហោះក្នុងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃ១២ តុលា ។
សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះឈ្មោះ សុង រក្សា អាយុ២១ឆ្នាំ នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ អតីតនិស្សិតរៀនផ្នែកអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ទើបតែផ្លាស់មករៀនជំនាញ គណនេយ្យវិញ នៅសកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់។
ប៉ុន្មានថ្ងៃនេះទឹកជំនន់ បានជន់លិចតំបន់មួយចំនួន ក្នុងទីរួមខេត្តពោធិ៍សាត់។ នៅល្ងាចថ្ងៃទី១១នោះនារីរងគ្រោះបានទៅលេងទឹកជាមួយមិត្តភ័ក្កិនៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ម្ដុំខាងលិចផ្សារភូពុយ ។ ខណៈកំពុងលេងទឹកសប្បាយរីករាយជាមួយមិត្តភ័ក្កិនោះ ស្រាប់តែចៃដន្យរអិលជើងធ្លាក់ចូលទឹក លូលិចបាត់តែម្ដង។
ភ្លាមៗនោះមានការផ្អើលឆោឡោ ដល់អ្នកស្រុកនិងក្រុម យុវជន នាំគ្នាចុះរាវរកគ្រប់ទីកន្លែង តែមិនឃើញទាល់តែសោះ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកឃើញ ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ។
សពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឪពុកម្ដាយ យកទៅធ្វើបុណ្យនៅវត្តបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ តាមប្រពៃណី៕