ព័ត៌មានជាតិ

សម្ដេច ហេង សំរិន លើកទឹកចិត្តដល់ សមាជិករដ្ឋសភា បន្តសកម្មភាព មនុស្សធម៌ ជួយឧបត្ថម្ភគាំពារ ដល់ពលរដ្ឋរងគ្រោះ ដោយ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ  លើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា បន្តសកម្មភាពមនុស្សធម៌ ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពញ្ញាចក្រី ហេង សំរិន បានសរសេរយ៉ាងដូច្នេះថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិនជាដើម បានកំពុងទទួលជំនន់ទឹកភ្លៀង។

សម្ដេចពញ្ញាចក្រី ហេង សំរិន ក៏សូមថ្លែងអំណរគុណជា្រលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរា ដែលជាជនងាយរងគ្រោះ ដោយប្រការផ្សេងៗ។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ប្រជាពលរដ្ឋរងគ្រោះ នូវជំនួយសង្រ្គោះបន្ទាន់ មានសម្ភារៈប្រើប្រាស់ ថវិកា ថ្នាំដង្កូវ ជាដើម ឲ្យបានទាន់ពេលវេលា»៕

To Top