ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀង កំពុងហូរធ្លាក់មកពីប្រទេសថៃ

ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀង កំពុងហូរធ្លាក់មកពីប្រទេសថៃ។

តាមរយៈហ្វេសប៊ុកផេកលោក អ៊ុ រាត្រី ឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹក បាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ(មានការបើក ទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបង តាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹក មានការកើនឡើង គួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្រ្តមួយផ្នែក នៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាម ដងស្ទឹងមង្គលបូរី» ។

ជាមួយគ្នានេះក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុ រាត្រី សូមធ្វើការអំពាវនាវជាថ្មី បន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top