ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់សម្បុរសជន ឲ្យជួយផ្តល់ជាស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
តាមបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកគន់ គីម បានថ្លែងថា ឥទ្ធិពល សម្ពាធទាប និងព្យុះបានធ្វើឲ្យខេត្ត ជាច្រើនរបស់កម្ពុជា រងការជន់លិចយ៉ាងខ្លាំង ក្នុងនោះខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។
លោកបន្តថា “ដូចនេះខ្ញុំសូមអំពាវនាវដល់សម្បុរសជន ឲ្យជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះផងដែរ”។
ក្នុងឱកាសនោះលោកសម្តែងការសោកស្តាយ ជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់នេះយ៉ាងខ្លាំង និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីទឹកជំនន់នេះ ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អាជ្ញាធរ នៅតាមមូលដ្ឋាននិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន មេបញ្ជាការកំពូល លើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវចេញជួយពលរដ្ឋបានទាន់ពេលវេលា និងដោយ ស្មារតីយកចិត្តទុកដាក់ខ្ពស់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១២ខែតុលា ឆ្នាំ២០២០មាន ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ប៉ះពាល់ពលរដ្ឋជាង៣ម៉ឺនគ្រួសារ ខណៈ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាងមានមនុស្ស១០នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់បានរងរ បួស ។ ចំពោះផលដំណាំធ្វើឲ្យលិចផលដំណាំប្រជាពលរដ្ឋជាង១២ម៉ឺនហិកតា ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា ៕ ដោយ៖ធី លីថូ