ព័ត៌មានជាតិ

រដ្ឋមន្ត្រី សាធារណការ ជំរុញក្រុមការងារបច្ចេកទេស ពន្លឿនការរៀបចំ សេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ ឲ្យឆាប់ចប់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមការងារបច្ចេកទេស ខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ ឲ្យបានឆាប់ដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្តទៀត។

សូជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ មានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកំពង់ផែ ផ្តល់កាលានុវត្តភាពដល់ការវិនិយោគ ប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាព សន្តិសុខកំពង់ផែ និងរួមចំណែកការពារបរិស្ថាន។

ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែម និងសិក្សាពាក្យ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា និងថ្លឹងថ្លែងប្រៀបធៀបដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

លោកបញ្ជាក់ថា “សូមជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសជំនាញ ពាក់ព័ន្ធខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់តាមតែអាចធ្វើទៅបានដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្ត”។

លើសពីនេះទៀត រដ្ឋមន្ត្រី សាធារណការ បានណែនាំឲ្យក្រុមការងារជំនាញពិនិត្យមើលខ្លឹមសារ នៃច្បាប់ធ្វើយ៉ាងណាកុំឲ្យច្បាប់ ស្ដីពីកំពង់ផែនេះប្រាស់ចាកពីខ្លឹមសារច្បាប់អន្តរជាតិ និងច្បាប់របស់បណ្តាប្រទេស ផ្សេងទៀតផងដែរ។

សូមរំលឹកថា នៅកម្ពុជាកំពង់ផែទន្លេ មានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញ ជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់ នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕

ដោយ ៖ អេង ប៊ូឆេង

To Top