ព័ត៌មានជាតិ

ចាញ់បោកអ្នកទិញ កម្ម៉ង់ទិញកង្ហារ ២០គ្រឿង តម្លៃ ៤៧០ដុល្លារ អត់ឱ្យលុយ

ភ្នំពេញ៖ បុគ្គលិកផ្នែកលក់អនឡាញម្នាក់ ត្រូវជនមិនស្គាល់មុខ បោកប្រាស់ ដោយបានកម៉្មង់ទិញកង្ហារចំនួន ២០គ្រឿង ស្មើនឹង ៤៧០ដុល្លារ តែមិនឱ្យលុយ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អៀម សំបូរ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គោរពជូនលោកម៉េប៉ុស្តិ៍នគរបាលផ្សារដើមគរ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅ ថ្ងៃចន្ទ ទី១២ ខែតុលា ឱ្យដឹងថា សំណើស្នើសុំប្តឹងឈ្មោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ប្រើប្រាស់ទូរស័ព្ទលេខ ០៦១ ៦៣០ ៣៩១ បានតេទូរស័ព្ទ មកទិញកង្ហារពីក្រុមហ៊ុនឈ្មោះ 247 Store Cambodia ចំនួន២០គ្រឿង តម្លៃ ៤៧០ដុល្លារ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានរៀបរាប់ទៀតថា មុនពេលកើតហេតុនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី មានបុរសម្នាក់បានតេទិញកង្ហាររបស់ខ្ញុំ ដោយប្រើទូរស័ព្ទនេះ ០៦១ ៦៣០ ៣៩១ ចំនួន២០គ្រឿង តម្លៃ ៤៧០ដុល្លារ ដោយឱ្យដឹងមកម្តុំស្តុបកោសដូង មកផ្ទះដែលមានយីហោ គឹមហេង ពេលដឹកមកដល់ទីតាំងនោះ ខ្ញុំបានសួរគាត់ បានកម្ម៉ង់ឥវ៉ាន់កង្ហារដែររឺអត់ ហើយគាត់បាននិយាយតបថា បានកម្ម៉ង់ ទើបខ្ញុំបាទជញ្ជូនទម្លាក់ឥវ៉ាន់ ឱ្យគាត់។ ពេលជញ្ជូនរួច ក៏ឈរចាំទទួលលុយ ពេលនោះគាត់ប្រាប់ថា បាញ់លុយតាមវីងហើយ ពេលនោះខ្ញុំក៏បានសួរក្រុមហ៊ុន មានបានទទួលលុយនៅ តែក្រុមហ៊ុនមិនបានទទួលទេ ហើយក៏នាំគ្នាទាក់ទងទៅលេខដែលកម៉្មង់ឥវ៉ាន់ ទើបដឹងថា ពួកខ្ញុំត្រូវចាញ់បោកគេទាំងសងខាង។

ជនរងគ្រោះ បានស្នើឱ្យលោកនាយប៉ុស្តិ៍ មេត្តាជួយរកយុត្តិធម៌ឱ្យខ្លួនដោយអនុគ្រោះផង។
ជនរងគ្រោះ សង្ឃឹមថា សមត្ថកិច្ច នឹងបន្តវែកមុខជនមិនស្គាល់អត្តសញ្ញាណ ដែលប្រើប្រាស់លេខទូរស័ព្ទ០៦១ ៦៣០ ៣៩១ យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន ដើម្បីកុំឱ្យមកបកប្រាស់គេ តទៅទៀត៕

To Top