ព័ត៌មានជាតិ

ឡាវប្រកាសបើកទ្វារ អាងស្ដុកទឹកវារីអគ្គិសនី ដែលហូរចាក់មកខេត្តស្ទឹងត្រែង តាមទន្លេសេកុង

ភ្នំពេញ៖ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនរដ្ឋបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា អំពីការបើកទ្វារអាងស្តុកទឹកវារីអគ្គីសនី ដែលហូរចាក់មកខេត្តស្ទឹងត្រែង តាមទន្លេសេកុង។

តាមរយៈលិខិតនេះ រដ្ឋបាលខេត្តអត្តពឺ បានឱ្យដឹងថា បច្ចុប្បន្នភូមិភាគកណ្ដាល និងភូមិភាគខាងត្បូង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ជាពិសេសខេត្តអត្តពឺ បានរងគ្រោះ ពីព្យុះលីនហ្វា ដែលបានធ្វើដំណើរចូលមកភូមិភាគកណ្ដាល និងភូមិភាគខាងត្បូង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បង្កឱ្យកម្រិតកម្ពស់ទឹក នៅទន្លេនានាកើនឡើង ជាពិសេសទឹកទន្លេសេកុងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

រដ្ឋបាលខេត្តអត្តពឺ បញ្ជាក់ថា «ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម នឹងបើកទឹកចេញពីអាងស្តុកទឹកវារី។ដូច្នេះទឹកដែលបានបង្ហូរចេញពីអាងស្តុកទឹកវារី ព្រមជាមួយនឹងជំនន់ទឹកភ្លៀង នឹងហូរចុះទៅកាន់ខេត្តស្ទឹងត្រែង តាមទន្លេសេកុង។ដើម្បីបញ្ជៀសនូវគ្រោះមហន្តរាយនេះ ខេត្តអត្តពឺ សូមជូនដំណឹងដល់ខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការត្រៀម និងបង្ការចំពោះគ្រោះធម្មជាតិនេះ»៕

To Top