ព័ត៌មានជាតិ

គ ប ម ៖ បញ្ហាសំរាមនិងគ្រោះមហន្តរាយ មិនគួរលាបពណ៌គ្នា គួរតែមានការជជែក ដេញដោល

ភ្នំពេញ ៖ ដោយសារជំនន់ទឹកភ្លៀង ជន់លិចស្ទើរតែទូទាំងប្រទេស ជាពិសេសរាជធានីពោរពេញ ទៅដោយសំរាម នោះ ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងថា បញ្ហាគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធលូទឹកនៅទីក្រុងធំៗ ការគ្រប់គ្រងទំនប់ស្តុកទឹកធំៗ ការចាត់ចែងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ គួរតែមានការជជែក ដេញដោលគ្នា មិនមែនជេរបញ្ចោរ លាបពណ៌គ្នានោះទេ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ គ ប ម លើកឡើងថា នយោបាយមិនគួរជារឿងលាបពណ៌ ជេរ ចោទ និងចាប់គ្នាដាក់គុកទេ។

ប្រភពបន្តថា “មានរឿងជាច្រើនត្រូវការការជជែកដេញ ដោលអំពីគោលនយោបាយ ស្វែងរកដំណោះស្រាយ សមស្របដើម្បីបម្រើប្រជាពលរដ្ឋ ដូចជាបញ្ហាគ្រប់គ្រងសំរាម ការលុបបឹងធម្មជាតិនៅទីប្រជុំជន ការបំផ្លាញព្រៃ ឈើនៅតំបន់ទីជម្រាល ការរៀបចំប្រព័ន្ធលូទឹក នៅទីក្រុងធំៗ ការគ្រប់គ្រងទំនប់ស្តុកទឹកធំៗ ការចាត់ចែងប្រព័ន្ធគ្រប់គ្រង គ្រោះមហន្តរាយ” ។

គ ប ម ថា រឿងទាំងនេះត្រូវការការជជែកដេញដោល និងការ សំយោគគំនិតពីតួអង្គច្រើន មិនមែនត្រឹមរង្វង់រាជរដ្ឋាភិបាល និងរដ្ឋសភាឯកបក្សទេ ។

គ ប ម បន្តថា សារៈប្រយោជន៍ នៃការប្រតិបត្តិគោល ការណ៍ ប្រជាធិបតេយ្យគឺការបើកលំហពហុគំនិត និងការចេះសម្របសម្រួល សំយោគគំនិតផ្សេងគ្នា ដើម្បីជា ប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទៅ ៕

To Top