ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធព្រះកុរណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅមុខសាលាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះ អង្គបានយាងសោយទិវង្គត់ នាថ្ងៃទី១៥ តុលា ២០១២ មកទល់នឹងថ្ងៃទី១៥ តុលា ឆ្នាំ២០២០នេះ ជាខួបគម្រប់ ៨ឆ្នាំហើយ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រារព្ធពិធីនេះឡើង គឺ ដើម្បីបង្ហាញនូវសេចក្តី គោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាព ដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្រ របស់ព្រះអង្គ ដែលបាន សម្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការ គ្រប់ស្ថាប័ននានាក្នុងខេត្តកំពង់ចាម រួមនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម បានមកចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណា ព្រះបរមរតនកោដិ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណុបការៈ របស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ដ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះ គឺជោគជ័យ នៃកម្ពុជាក្នុងការដណ្តើមយក ឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតផងដែរ។

To Top