ព័ត៌មានជាតិ

មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩៩ កំពុងបន្តដឹកនាំកម្លាំង ជួយសង្រ្គោះនិងជម្លៀស ពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រោមបទបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានបញ្ជាឲ្យលោក ហ៊ុល វណ្ឌី មេបញ្ជាការរង កងពលតូចដឹកជញ្ជូន លេខ៩៩បន្ត ដឹកនាំ កងកម្លាំងចុះអន្តរាគមន៍ជួយសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មកកាន់ទីទួលសុវត្ថិភាព។

ក្រុមប្រជាពលរដ្ឋ បានសម្ដែងការដឹងគុណ ដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ជួយសង្រ្គោះពួកគាត់បានទាន់ពេលវេលា ដោយមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោលឡើយ។

សូមរំលឹកថាកាលពីថ្ងៃទី១៤ និង ១៥ ខែតុលា ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នងសង្កាត់រលួស ខណ្ឌដង្កោ ។

ចំណែកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះរថយន្តចំនួន៧០គ្រឿង រួមនិងកម្លាំងនាយទាហាន ពលទាហាន ចំនួន២០០នាក់ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានត្រៀម ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង តាមបណ្តាខេត្ត៕

To Top