ភ្នំពេញ ៖ មានករណីទំនាស់ រវាងកូននឹងម្តាយ មិនចុះសម្រុងនឹងគ្នា អស់រយៈពេល៣ឆ្នាំមកហើយ ដោយសារម្តាយ មិនចង់អោយកូនបែកចេញពីផ្ទះ មិនចង់អោយកូនមានប្តី ចំណាស់អាយុជាង ៦០ឆ្នាំ ហើយជាប្តីគេថែមទៀត ។ ម្តាយមានអារម្មណ៍សង្ស័យ លើបុរសវ័យចំណាស់ អាយុជាង ៦០ឆ្នាំ ម្នាក់ដែលធ្លាប់បាន ល្បួងលួងលោមកូនស្រីគាត់ ជាច្រើនលើកច្រើនសារ ដោយប្រើទឹកប្រាក់ទាក់ទាញ យកទៅលាក់ទុកទីកន្លែងមួយ នៅទីក្រុងភ្នំពេញ ។
កន្លងមក មីង អោម អឹម ធ្លាប់ម៉ៅចំការស្វាយ បុរសវ័យចំណាស់ម្នាក់ នៅខេត្តកំពង់ស្ពឺ ធ្វើអាជីវកម្ម ប៉ុន្តែមានការខាតបង់អស់ជាង ១ម៉ឺនប្រាំពាន់ដុល្លារ។ គាត់ធ្លាប់បានខ្ចីលុយបុរសនោះមួយចំនួន យកទៅដោះស្រាយបញ្ហាចំការ ។ មីង អោម អឹម តែងយកកូនស្រីឈ្មោះ ស្រីពៅទៅធ្វើចំការជាមួយគាត់ ហើយបុរសវ័យចំណាស់នោះ ក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយគាត់ទៀតផង ដែលគាត់អះអាងថា បានរាប់អានគ្នាដូចជាគ្រួសារតែមួយ ។ ដោយសារការរាប់អានគ្នា បុរសវ័យចំណាស់បានអោយលុយ មីង អោម អឹម ខ្ចីប្រើប្រាស់ដោះស្រាយការងារចំការស្វាយ ប៉ុន្តែមិនមានក្រដាស់ស្នាមខ្ចីជាក់លាក់ថាមានចំនួន ឡើយ ។
តាមការបញ្ជាក់របស់ មីង អោម អឹម គឺបុរសវ័យចំណាស់តែងតែបង្ហាញភាពស្និទ្ធស្នាល ជាមួយកូនស្រីដោយបង្ហាញពីលុយ សម្ភារៈ គ្រឿងអលង្ការ ដែលធ្វើអោយគាត់ មានការសង្ស័យយ៉ាងខ្លាំង ដោយក្នុងរយៈពេលកន្លងមកបុរសវ័យ ចំណាស់ម្នាក់នេះបានលួងយកកូនគាត់មកនៅភ្នំពេញទៀតផង។ មីង អោម អឹម បានមកហៅកូនអោយចេញពីផ្ទះ ដែលបុរសវ័យចំណាស់ បានយកមកលាក់ទុក អោយវិលទៅផ្ទះវិញ ។ សកម្មភាពបែបបនេះ បានកើតមានជាច្រើនសារ ដែលក្នុងពេលមួយនោះ គឺបុរសវ័យចំណាស់បានណាត់កូនស្រីគាត់ មកមាត់ទន្លេ គាត់តាមមកទាន់ ក៏បានជេរស្តីអោយបញ្ឈប់ ល្បួងកូនគាត់យកមកទៀត ដែលបានធ្វើអោយបុរសវ័យចំណាស់ខឹងយ៉ាងខ្លាំង។ ដោយសារតែបញ្ហានេះហើយ គឺបានធ្វើអោយទំនាក់ទំនងរាប់អានគ្នា ក្លាយជាសត្រូវទៅវិញ។ កាលពីខែមិនា ២០២០ កន្លងទៅ កូនស្រីមីង អោម អឹម ក៏បានបាត់ពីផ្ទះទៀត ដែលធ្វើអោយគាត់យំនឹក កូនមិនដឹងគេយកទៅលាក់ទុក នៅទីណា នៅរស់ ឬស្លាប់បាត់ទៅហើយ។
បុរសវ័យចំណាស់ម្ចាស់ចំការ ក៏ធ្លាប់បានប្តឹងមីង អោម អឹម ឡើងតុលាការអោយសងលុយជំពាក់ ចំនួន $2,009 ។ មីងជាម្តាយក៏ធ្លាប់បានយល់ព្រមសង ទោះបីមិនមែនជាតួលេខខ្ចី ពិតប្រាកដក៏ដោយ។ ក្នុងពេលឡើងតុលាការព្រមព្រៀងគ្នាសងលុយ មីង អោម អឹម បានសុំបុរសវ័យចំណាស់ឈប់ល្បួងកូនស្រីគាត់យកចេញពីផ្ទះទៀត ព្រោះគាត់មានប្រពន្ធរួចហើយ ។ ប៉ុន្តែនៅពេលមីង អោម អឹម យកលុយទៅបង់សង បុរសវ័យចំណាស់ បែរជាប្រកែកមិនព្រមយកវិញ។ ទើបបណ្តាលអោយមានរឿងរ៉ាវកើតឡើង ជាបន្តបន្ទាប់ រហូតដល់កូនស្រីគាត់ បាត់ចេញពីផ្ទះ ជាលើកចុងក្រោយអស់រយៈពេលជាង៦ខែ កាលពីខែមិនា ២០២០ រហូតដល់ ថ្ងៃទី ១៣ តុលា ២០២០ នេះទើបរកឃើញវិញ ក្រោយពីបានដាក់ពាក្យគោរពសុំជំនួយពីសម្តេចតេជោ។
នៅពេលដែលបាត់កូន ឪពុកម្តាយភ័យយ៉ាងខ្លាំង មិនដឹងថាកូនស្រីគាត់ត្រូវបានគេល្បួង យកទៅសម្លាប់ ឬបង្ខាំងលាក់ទុកនៅទីណា ព្រោះបាត់ដំណឹងកូនឈឹងតែម្តង។ នៅពេលដែលមានកាសែតចុះផ្សាយម្តងៗ ថាមាននារីវ័យ២០ឆ្នាំ ស្លាប់ គាត់តែងតែអោយកូនប្រុស ទៅមើលមុខសព ដើម្បីពិនិត្យថាតើជាកូនគាត់ឬមិនមែន។ គាត់បានប្តឹងទៅប៉ុស្តិនគរបាលដែរ តែនៅតែរកមិនឃើញ ។ ទើបចុងក្រោយគាត់ក៏សម្រេចចិត្តទាំងទឹកភ្នែកដាក់លិខិតគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាជួយគ្រួសារគាត់ផង កាលពីថ្ងៃទី ៥ តុលា ២០២០។
ក្រោយពីបានទទួលការ អនុញ្ញាត្តិដ៏ខ្ពង់ខ្ពង់ខ្ពស់ ពីសម្តេចតេជោ លោកដួង តារា ជំនួយការផ្ទាល់ បានជួបមីងជាម្តាយឈ្មោះ អោម អឹម អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្លុង ខេត្តតាកែវ ដែលបានបាត់កូនស្រីឈ្មោះ ឃុន ពោធិ (ហៅស្រីពៅ) អាយុ ២៣ឆ្នាំអស់រយៈពេល៦ខែកន្លងមកនេះ។ មីង អោម អឹម បាននិយាយរាបរាប់ ទាំងទឹកភ្នែក ហូរដោយក្តីនឹករឮកកូនស្រីជាពន់ពេក ព្រោះមិនដឹងថាកូននៅទីណា ស្លាប់ឬរស់។ មីង អោម អឹម បានផ្តល់ព័ត៌ដល់ លោក ដួង តារា អំពីបុរសវ័យចំណាស់អាយុជាង ៦០ឆ្នាំ ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្វ របស់គាត់ ដោយបញ្ជាក់ថាគាត់មានការសង្ស័យខ្លាំង លើបុរសអាយុជាង៦០ឆ្នាំម្នាក់នេះ ដែលជាម្ចាស់ចំការស្វាយ ដែលធ្លាប់បានលួងលោមកូនស្រីគាត់ យកចេញពីផ្ទះជាច្រើនសារមកហើយ។
ដោយមានតម្រុយខ្លះៗ អំពីបុរសវ័យចំណាស់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានទូរស័ព្វសួរនាំគាត់ពីដំណើររឿងម្តាយ និងកូនខាងលើ ហើយស្នើសុំអោយគាត់ សហការជួយរកកូនស្រីមីង អោម អឹម អោយឃើញមកវិញ។ បុរសវ័យចំណាស់ បានព្យាយាមឆ្លើយដោះសារថាអត់បានដឹងអីទេ ដោយបានចោទត្រឡប់មកវិញថា មីង អោម អឹម និយាយកុហក់ប្រឌិតរឿង មិនពិតដែលធ្វើអោយប៉ះពាល់កិត្តិយសគាត់ ។ ប៉ុន្តែបន្ទាប់មកបុរសចំណាស់ក៏បានសន្យាថា នឹងជួយទាក់ទងទៅ អ្នកស្គាល់គ្នាមួយចំនួន ដើម្បីជួយរកប្អូនស្រីពៅមកវិញ ។
នៅថ្ងៃទី ១២ តុលា ២០២០ ស្រីពៅ បានទូរស័ព្វមក លោក ដួង តារា ជាលើកដំបូងដោយបានប្រាប់ពីសុខទុក្ខ ហើយប្រាប់ពីទីកន្លែងដែលគាត់បានរស់នៅ។ ទន្ទឹមនឹងនោះ ស្រីពៅ បានប្រាប់ថាខ្លួនមិនទាន់ចង់ជួបម្តាយ នៅឡើយទេ ដោយមិនបានប្រាប់ពីមូល។ ក្រោយពី លោក ដួង តារា បានជួបជាមួយ ប្អូនស្រីពៅ ដោយផ្ទាល់ហើយ គាត់ក៏បានទូរស័ព្វទៅប្រាប់ម្តាយអោយបានដឹងថា កូនស្រីនៅរស់ទេ សុំអោយម្តាយឡើងពីខេត្តតាកែវ មកជួបកូនស្រីនៅភ្នំពេញជាបន្ទាន់។
នៅព្រឹកថ្ងៃទី ១៣ តុលា មីង អោម អឹម ជាម្តាយ (មកជាមួយកូនប្រុស និងពូ) បានមកជួបកូនស្រីពៅ នៅវិមានសន្តិភាព។ លោក ដួង តារា បានសម្រុះសម្រួលម្តាយ និងកូនស្រី ហើយក៏បានឈានទៅបញ្ចប់វិវាទទំនាស់គ្រួរសារនេះ ចប់ជាស្ថាពរ ក្នុងនោះភាគីទាំងពីរ បានយល់ព្រមបើកទំនាក់ទំនងគ្នា រវាងម្តាយនិងកូនជាធម្មតាឡើងវិញ ភាគីទាំងពីរបានសន្យាផ្តល់ដំណឹងអោយគ្នាទៅវិញទៅមក ទោះបីរស់នៅទីណាក៏ដោយ។ រីឯម្តាយក៏បានយល់ដឹងពីកូនខ្លួនកាន់តែច្រើនឡើងៗ ហើយសន្យាឈប់បិទសិទ្ធិសេរីភាព ក្នុងការរស់នៅ ការជ្រើសរើសគូស្រករ និងការរកការងារធ្វើរបស់កូន។ ប៉ុន្តែទន្ទឹមនឹងនោះម្តាយសុំកូន ឈប់ចាញ់ល្បិចកល់បោករបស់បុរសចំណាស់ អាយុជាង៦០ឆ្នាំ តទៅទៀត ព្រោះបុរសចាស់នេះ មានប្រពន្ធហើយ។
ក្រោយពីផ្តិតមេដៃបញ្ចប់វិវាទ រវាងម្តាយនិងកូនទាំងស្រុងរួចហើយ ក្រុមគ្រួសារបាននាំគ្នាទៅហូបអាហារជាមួយគ្នាក្នុងបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ ជាពិសេសគឺម្តាយមានសេចក្តីត្រេកអរយ៉ាងខ្លាំង រកអ្វីប្រៀបមិនបាន ដែលបានជួបមុខកូននៅរស់រាន មានជីវិតសារជាថ្មី ហើយបានសន្យាខិតខំថែរក្សាកូន នឹងកសាងទំនាក់ទំនងសុភមង្គលគ្រួសារអោយកាន់តែល្អប្រសើរឡើងវិញ។ មីង អោម អឹម ក៏បានប្តេជ្ញាសងប្រាក់ជំពាក់ទៅ លោក គីម គង់ ប្រសិនបើមានក្រដាស់ស្នាមបញ្ជាក់ថា គាត់ពិតជាជំពាក់លុយបុរសចាស់នោះចំនួន $2009 ពិតប្រាកដមែន ប៉ុន្តែគាត់ស្នើសុំ បុរសចំណាស់នេះ កុំធ្វើបាបក្រុមគ្រួសារគាត់តទៅទៀត ឈប់ល្បួងកូនស្រីគាត់ទៀត។ លោក ដួង តារា នឹងបន្តសម្របសម្រួល ជាមួយបុរសចំណាស់ និងមីង អោម អឹម អោយបញ្ចប់រឿងទាំងអស់ ដើម្បីសេចក្តីសុខរៀងៗខ្លួន។
ក្រុមគ្រួសារមីង អោម អឹម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាគ្រប់ជំពូករបស់ប្រជាពលរដ្ឋ មិនថាតែបញ្ហាវិវាទដីធ្លីទេ សូម្បីតែបញ្ហាវិវាទក្នុងគ្រួសារដូចនេះ ក៏សម្តេចលោកជួយដែរ អោយតែបានករណីនោះ បានមកដល់ដៃសម្តេច។
លោក ដួង តារា ជំនួយការផ្ទាល់ ក៏បានគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេច បានផ្តល់ឱកាសអោយលោក បានចូលរួមជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ករណីនេះ អាចជាមេរៀនដ៏ល្អ សម្រាប់គ្រួសារទូទៅ អោយបានយល់ដឹង ដើម្បីរួមគ្នាកសាងសង្គមគ្រួសារ ប្រកបដោយសុខដមរម្យនា ជាមួយសីលធម៍ និងសេចក្តីថ្លៃថ្នូ ល្អក្នុងសង្គម៕
(ហ្វេសប៊ុកផេក Duong Dara)