ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យដំណាំស្រូវប្រជាពលរដ្ឋ ក្នុងស្រុកជើងព្រៃ

កំពង់ចាម ៖ ខណៈពេល មានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ក្នុងឃុំខ្នុរដំបង ឃុំត្រពាំងគ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោក មាន សម័យ ប្រធានការិយាល័យកសិកម្ម ស្រុកជើងព្រៃ បានអោយដឹងថា បរិមាណទឹកភ្លៀង ដែលធ្លាក់ក្នុងស្រុកជើងព្រៃ មានចំនួន ២៩៥,៨ ម.ម ។ រីឯទំនប់តំបន់ ទឹកហូរច្រោះជិតទ្វាទឹកទី១ និងទ្វាទឹកទី២ ប៉ុន្តែបានទប់ស្កាត់ការហូច្រោះនោះ ដោយ ខាងមន្ទីធនធានទឹក បានផ្តល់ SK មកកាយទប់កន្លែង ដែលហូរច្រោះ ក្នុងនោះដែរ ប្រធានសហគមន៍ បានសម្រេចបើកទ្វាទឹកទី១,២,៣ ចំនួន២ក្តារ ឲ្យទឹកហូរចេញខ្លះ ជៀសវាងការហូរបាក់ទំនប់ ។

លោក មាន សម័យ បានបញ្ជាក់ថា ចំពោះដំណាំស្រូវនៅ ឃុំផ្តៅជុំ និងឃុំខ្នុរដំបង មានផល ប៉ះពាល់ដោយជំនន់ទឹកភ្លៀង មានផ្ទៃដី ចំនួន ៣០ ហ.ត ស្មើនឹង ៥០ គ្រួសារ ប៉ុន្តែទោះជាយ៉ាងនោះក្តី ដំណាំស្រូវដុះលូតលាស់ល្អធម្មតា។

ទន្ទឹមនឹងនេះដែរ អភិបាលស្រុកជើងព្រៃ លោក អូត ឈាងលី បានឲ្យដឹងផងដែរថា ក្នុងកំឡុង ខែមិថុនា កន្លងទៅ ដំណាំស្រូវប្រជាពលរដ្ឋស្កកជាច្រើនហិកតា នៅក្នុងស្រុកជើងព្រៃ ។ ប៉ុន្តែដោយសារ មានទឹកភ្លៀងធ្លាក់ផ្ទួនៗ គ្នានេះ ថ្វីដ្បិតតែមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ដល់ដំណាំស្រូវតិចតួច របស់ប្រជាពលរដ្ឋ ប៉ុន្តែស្រូវជាច្រើនហិកតា ដែលធ្លាប់អស់សង្ឃឹមនាពេលនោះ បានប្រែក្លាយទៅជាដុះលូតលាស់ ស្រស់បំព្រងឡើងវិញ ។

លោកអភិបាលស្រុកជើងព្រៃ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងគឺឡើង ប៉ុន្តែឆាប់ស្រកទៅវិញ ៕

To Top