ព័ត៌មានជាតិ

ព្រះមហាក្សត្រនិងសម្ដេចម៉ែ ប្រទានព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋជាង ៥០០គ្រួសារ នៅស្រុកអង្គស្នួល

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយ ចែកជូនប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៥៤៥គ្រួសារ ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ Royal du Cambodgeបានបញ្ជាក់ថា ក្រោមព្រះរាជ ហឫទ័យ ទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ បងប្អូនប្រជានុរាស្រ្ត និងខ្វល់ខ្វាយជានិច្ច អំពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើត មានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៥៤៥គ្រួសារ ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល៕

To Top