ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ជំរុញឱ្យតំណាងរាស្រ្តទាំងអស់ បន្ដយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច សំដៅធ្វើយ៉ាងណា រំដោះប្រជាពលរដ្ឋ ចេញពីតំបន់ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង។
ក្នុងពិធីប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០ កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្ត ដើម្បីយកចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេច ហេង សំរិន បានលើកឡើងថា អំណោយទំាងអស់នេះ ជាការចូលរួមចំណែក រំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត ។
ក្នុងឱកាសនោះសម្តេច បានសម្តែងការសោកស្តាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងជាពិសេសសម្តេច បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិត ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោតសរសើរដល់ តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ ដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។
សម្តេចបានលើកឡើងថា “កាយវិការដ៏ប្រពៃទំាងនោះ បានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នា របស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែ ជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ជាពិសេស ក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ជាដើម” ។
សូមជម្រាបថា ចាប់ពីពេលដែល ខេត្តក្រុងមួយចំនូន របស់កម្ពុជា ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកសមាជិការដ្ឋសភា បានចុះជួយអន្តរាគមន៍ សង្រ្គោះពលរដ្ឋចេញ ពីតំបន់រងគ្រោះទៅកាន់ ទីទួលសុវត្ថិភាព ព្រមទំាងធ្វើសកម្មភាពមនុស្សធម៌ ចែកនូវអំណោយ សង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្តក្រុង ដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។
ដោយតាមការព្យាករណ ប៉ុន្មានថ្ងៃខាងមុខនេះរហូតដល់ថ្ងៃទី២១ ខែតុលា ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំា មកនូវទឹកភ្លៀង ដែលនឹងបន្តឱ្យមានការជន់លិច បន្ថែមទៀត នៅតាមតំបន់ផ្សេងៗទៀតនោះ នៅក្នុងពិធីប្រគល់អំណោយ ដល់តំណាងរាស្រ្តរាស្រ្តនៅឯ គេហដ្ឋាន របស់សម្តេចក្នុងរាជធានីភ្នំពេញនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់ អាយុជីវិត។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់តំណាងរាស្រ្តទាំងអស់ បន្ដយកចិត្តទុកដាក់ តាមដានដំណើរវិវត្តន៍នៃចរន្ដទឹក សហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋ ចេញពីតំបន់ដែលរងគ្រោះ។ “
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្ដទុកដាក់ ការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ៕