ព័ត៌មានជាតិ

សម្ដេចទៀ បាញ់ ក្រើនរំលឹកឲ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ប្រសិនបើមានករណីចាំបាច់ ត្រូវរាយការណ៍ ប្រាប់អាជ្ញាធរជាបន្ទាន់។

តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់បានថ្លែងបញ្ជាក់ថា” សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនង ទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណី មានតម្រូវការសង្គ្រោះចាំបាច់នានា”។

ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវ ដល់កងទ័ព ក៏ដូចជាអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវ បន្តចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្ម ជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង បានវាយប្រហាររាជធានី-ខេត្ត ចំនួន ១៩ ស្មើ៧១ ក្រុង-ស្រុក-ខណ្ឌ ដែលធ្វើឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋចំនួន ប្រមាណ៦១,៣៦៧ គ្រួសារ ស្មើប្រមាណ ២៤៥,៤២៨នាក់ និងបណ្ដាឲ្យមានអ្នកស្លាប់ចំនួន២២នាក់ ខណ:ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ ជាង១៦ម៉ឺនហិកតា ៕ ដោយ៖ធី លីថូ

To Top