ព័ត៌មានជាតិ

សម្ដេចតេជោ នឹងត្រឡប់ទៅបន្ទាយមានជ័យវិញ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីរួច

ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋ ជាង១ម៉ឺននាក់ ក្នុងខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសសន្យាថា ក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រួច សម្ដេចនឹងធ្វើដំណើរ ត្រឡប់ទៅ ខេត្តបន្ទាយមានជ័យសារជាថ្មី ដើម្បីពិនិត្យស្ថានភាព ព្រោះជំនន់ទឹកភ្លៀង នៅតែបន្ដធ្ងន់ធ្ងរនៅឡើយ។

ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា «ស្អែកនេះ ខ្ញុំត្រឡ ប់ទៅវិញ (ទៅភ្នំពេញ) ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃសុក្រ ។ ហើយថ្ងៃសៅរ៍ ខ្ញុំនឹងវិលត្រឡប់មកវិញ (មកបន្ទាយមានជ័យ) ព្រោះថា ប្រជាពលរដ្ឋមកដល់ពេលនេះ មិនមែន២ម៉ឺនគ្រួសារទេរងគ្រោះ នៅក្នុងខេត្តបន្ទាយមានជ័យ ឡើងដល់ជាង៣ម៉ឺននាក់ហើយ»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានកោតសរសើរចំពោះ ស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ បានចូលរួមជួយសង្រ្គោះ ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ។ ទាំងនេះ បង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ។

សម្ដេចបន្ដថា អ្វីដែលសំខាន់ គឺការជម្លៀសប្រជាពលរដ្ឋ ចេញពីកន្លែងរងគ្រោះឲ្យបានរហ័ស ដើម្បីជៀសវាង ការគ្រោះថ្នាក់ដល់អាយុជីវិត។

បន្ថែមពីនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ បណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារៈ និងស្បៀងអាហារ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ចំនួន១៩រាជធានី-ខេត្ត។ ក្នុងនោះ មានប្រជាជនរងផលប៉ះពាល់ ចំនួន១០៤, ៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជន បានជម្លៀសមកទីទួលសុវត្ថិភាព ចំនួន១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ ចំនួន៣៤នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top