ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ណែនាំក្រុមហ៊ុនធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបំពេញបែបបទ ឱ្យស្របទៅនឹងច្បាប់

ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំ ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបំពេញបែបបទ ឱ្យស្របទៅនឹងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋាន គតិយុត្តិដែលពាក់ព័ន្ធនានា។

ក្នុងជំនួបជាមួយក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយបម្រើ សេវាកម្មអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងស្មាតហ្វូន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗក្នុងការប្រែក្លាយ ទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្ម នឹងបម្រើដល់សកម្មភាពជាច្រើន នៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជា:វិស័យសាធារណៈផងដែរ។

លោកបញ្ជាក់ថា ក្រសួងមានគំនិតគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក ដែលក្រសួងនឹងរៀបចំធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ នាខែវិច្ឆិកាខាងមុខនេះ ក៏ដូចជាកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណង តភ្ជាប់ផលិតករ និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងពិភពលោក តាមរយៈទីផ្សារអនឡាញមួយ ។

ជាមួយគ្នានោះលោករដ្ឋមន្រ្តីបន្ថែមថា “ដូច្នេះសូមឱ្យក្រុមហ៊ុន បំពេញបែបបទឱ្យបានត្រឹមត្រូវជាមួយនឹងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានា ទាក់ទងនឹងការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

សូមបញ្ជាក់ថា ទាក់ទងនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាពេលថ្មីៗនេះ អនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់ការអនុញ្ញាត បំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាប្រកាសលេខ ២៩០ ពណ.ចបព.ប្រក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ដីពី ការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ៕ដោយ៖ធី លីថូ

To Top