ព័ត៌មានជាតិ

រដ្ឋបាលជលផល៖ដើម្បីរក្សានិរន្តភាពសត្វផ្សោត ត្រូវចូលរួមអភិរក្ស និងដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ៖ ខណៈសត្វផ្សោតកំពុងតែប្រឈមគ្រោះថ្នាក់ ដោយការនេសាទខុសច្បាប់នោះ លោកស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា ដើម្បីរក្សាបាននូវនិរន្តភាពនៃសត្វផ្សោត ត្រូវរួមគ្នាអភិរក្ស ពិចារណានិងដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកម្មវិធី សត្វផ្សោតទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ស្រ៊ុន លឹមសុង បានថ្លែងថា សត្វផ្សោតនៅកម្ពុជាសព្វថ្ងៃកំពុងតែមានការប្រឈមនូវគ្រោះថ្នាក់ច្រើន (ការជាប់មង ការ នេសាទខុសច្បាប់ ការប្រើឧបករណ៍ឆក់ ការនេសាទហួសកម្រិត)ជាដើម។

លោកបន្តថា “ដូច្នេះដើម្បីរក្សាបាននូវនិរន្តភាពនៃសត្វផ្សោត យើងទាំអស់គ្នាត្រូវរួមគ្នា ពិចារណាដោះស្រាយនិង ជំនះឲ្យបាននូវបញ្ហាទាំងនេះ”។

ជាមួយគ្នានោះ អនុប្រធានរដ្ឋបាលជលផល សង្ឃឹមថា ប្រជាពលរដ្ឋក៏ដូចជា សហគមន៍នេសាទ នឹងមានការយល់ដឹងច្រើន ក្នុងការចូលរួមអភិរក្សការពារ សត្វផ្សោត ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបានក្នុងឆ្នាំ២០២០ គឺមានផ្សោតចំនួន៨៩ក្បាលកំពុងរស់នៅក្នុងទន្លេមេគង្គ ក្នុងកម្រិតជឿជាក់៩៥% ដែលស្ថិតក្នុងចន្លោះពី៧៨ ទៅ១០២ក្បាល។

សត្វផ្សោតទន្លេមេគង្គទាំង៨៩ក្បាល កំពុងប្រឈមនឹងការគំរាមកំហែង ជាច្រើន ដូចជាការទាក់ជាប់ទៅនឹងមង នេសាទក្នុងតំបន់គ្រប់គ្រងនិងការពារសត្វ សកម្មភាព នេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត ។ ចំណុចនេះអាស្រ័យដោយកំណើនប្រជាជន និងទំនប់វារីអគ្គិសនីនៅចរន្តទឹកខាងលើ៕ដោយ៖ធី លីថូ

To Top