ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយជាង ២៣០លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រ ការឆ្លើយតបបន្ទាន់ នឹងវិបត្តិកូវីដ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ ការឆ្លើយតបបន្ទាន់ ទៅនឹងវិបត្តិកូវីដ-១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន ។

លោក ម៉ូតេហ្គី បានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់ រដ្ឋាភិបាលថ្មីរបស់ជប៉ុន។

ទន្ទឹមនេះលោក ម៉ូតេហ្គី បានសម្តែងនូវសមានចិត្ត ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួន រួចជាស្រេច ដើម្បីជួយកម្ពុជា ក្នុងការដោះស្រាយការ លំបាកនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្តល់ឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតប បន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ។

លោក ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះ កាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាព ប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ ២០២២។

ក្នុងឱកាសជំនួបតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញនូវ បំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រទេសទាំងពីរ ។

បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី លោក ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយរីករាយដែល ប្រទេសទាំងពីរកំពុងអនុវត្ត «ច្រកសម្រាប់ការស្នាក់នៅ» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី ១៤ថ្ងៃ និងសង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម ១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ ខា ដា

To Top