ព័ត៌មានជាតិ

អភិបាលស្រុកខ្សាច់កណ្ដាល ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជា ប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំសន្លុង ចំនួន៤គ្រួសារ និងឃុំវិហារសួគ៌ ចំនួន៨គ្រួសារ សរុបទាំងអស់ ចំនួន១២គ្រួសារ ដោយមានការចូលរួម ពីប្រធានក្រុមប្រឹក្សាស្រុក និងសហការី អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជន ស. ស.យ.ក ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ លោក អភិបាលស្រុក ក៏បានប្រគល់អំណោយ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ៥០គីឡូ ,ត្រីខ១យួរ ,មី១កេះ ,ទឹកសុទ្ធ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,កន្ទេល ១ ,សម្ភារៈ ផ្ទះបាយ១២មុខ និងថវិកា១០០, ០០០ រៀល។

ក្រោយបញ្ចប់ផ្ដល់អំណោយរួច លោកអភិបាលស្រុកខ្សាច់កណ្ដាល ក៏បានសន្យាចុះពិនិត្យ និងដោះស្រាយប្រព័ន្ធលូ ដើម្បីរំដោះទឹក ធ្វើយ៉ាងណាឲ្យ រំដោះទឹកចេញពីគ្រួសាររងគ្រោះ ដោយជំនន់ទឹកភ្លៀងខាងលើ។

បន្ទាប់មកទៀត លោកអភិបាលស្រុក បានចុះពិនិត្យមើលគ្រួសាររងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពង់បូមទឹកចេញ នៅក្នុងភូមិសេដា ឃុំវិហារសួគ៌ និងបានផ្ដល់ថវិកា ចំនួន២០០,០០០រៀល ដើម្បីទិញប្រេង៕

ដោយ ៖ អេង ប៊ូឆេង

To Top