ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីចាប់ផ្ដើមពិភាក្សាពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១

ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមពិភាក្សាលើរបៀបវារៈស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។ កម្ពុជាក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរហើយបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ជាងនេះទៅទៀតការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយលំបាកប៉ុណ្ណោះទេ តែថែមទាំងអាចបន្ទុចបង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។ ក្នុងន័យនេះ ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។
ក្នុងន័យនេះ កម្ពុជាត្រូវចេះសម្របខ្លួនទៅនឹងជំងឺនេះ តាមគន្លងប្រក្រតីថ្មី (New Normal)ដោយគិតថ្លឹងថ្លែងរវាងម្ខាងការធានារក្សាឱ្យបាននូវលំនឹងសង្គម-សេដ្ឋកិច្ច និងម្ខាងទៀត ការបន្តប្រយុទ្ធនឹងជំងឺ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជ័យជម្នះរបស់កម្ពុជានៅលើសមរភូមិទប់ទល់ការរីករាលនៃជំងឺកូវីដ-១៩ ដោយមិនមានការឆ្លងចូល ក្នុងសហគមន៍ គិតមកទល់នឹងពេលនេះ មិនមែនបានមកដោយចៃដន្យទេ។ នៅក្នុងបរិការណ៍នៃការប្រយុទ្ធនឹងវិបត្តិនៃជំងឺកូវីដ-១៩ គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៦ជុំរួចមកហើយ ដែលក្នុងនោះរួមមាន៖
-កញ្ចប់វិធានការផ្នែកសារពើពន្ធ មានចំនួន១៣វិធានការ ដែលមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និងការលើកលែងពន្ធ ការអនុគ្រោះការបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងការថែទាំសុខភាព និងការពន្យារនូវ ការបង់កាតព្វកិច្ចរបបសន្តិសុខសង្គម ព្រមទាំងការលើកលែងការបង់ថ្លៃ អាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទ និងការមិនធ្វើសវនកម្មពន្ធដារពេញលេញ ចំពោះសហគ្រាស ក្នុងវិសយទេសចរណ៍
-កញ្ចប់វិធានការផ្នែកហិរញ្ញវត្ថុ មានចំនួន៥វិធានការ ដែលមានជាអាទិ៍៖ ការបង្កើតសហហិរញ្ញប្បទាន និងចែករំលែកហានិភ័យ ការបង្កើតមូលនិធិធានាឥណទាន ការបង្កើតហិរញ្ញប្បទានពិសេស និងការត្រៀមបង្កើតឧបករណ៍ហិរញ្ញប្បទានបន្ថែម ព្រមទាំងការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក
-កញ្ចប់វិធានការផ្នែកជំនួយសង្គម មានចំនួន៨វិធានការ ដែលមានជាអាទិ៍៖ ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្មនិងការផ្តល់ប្រាក់ ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលដល់កម្មករ-និយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេស និង
-កញ្ចប់វិធានការផ្សេងៗ ដែលមានលក្ខណៈអន្តរវិស័យ ចំនួន១៧វិធានការ គួបផ្សំនឹងវិធានការរូបិយវត្ថុដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដែលមានជាអាទិ៍៖ ការដាក់ឱ្យដំណើរការជំហានទី១ នូវការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ការជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមការកែសម្រួលនីតិវិធី និងបង្កកាងាយស្រួលដល់សកម្មភាពនាំចេញនាំចូលគ្រប់ប្រភេទពិសេសការនាំចូលវត្ថុធាតុដើម និងកាកែសម្រួលលក្ខខណ្ឌឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពនៅលើទីផ្សារជាដើម។

ទន្ទឹមនេះ ភាពប្រសើរឡើង នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក៏បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក ដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានសរុបចំនួន៣ ៧១៦០៥៤លានរៀល ឬសមមូលនឹងប្រមាណ៩១៨លានដុល្លារអាមេរិក ក្នុងនោះថវិកាថ្នាក់ជាតិសន្សំបាន៦៧៧លានដុល្លារអាមេរិក សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយទៅតាមការថយចុះចំណូលចំនួន២៤១លានដុល្លារអាមេរិក ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ។
សមិទ្ធផលខាងលើដែលសម្រេចបានមកនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងលទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារនិងឧត្តមានុវត្តអន្តរជាតិ របស់រាជរដ្ឋាភិបាលបានឡើយ។ កម្មវិធីកែទម្រង់ប្រកបដោយមហិច្ឆតានេះ កំពុងស្ថិតនៅលើមាគ៌ា និងទិសដៅដ៏ត្រឹមត្រូវ ហើយផ្តល់នូវលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់គួរជាទីពេញចិត្តនៅតាមដំណាក់កាលនីមួយៗ និងសម្រេចបានលទ្ធផលចុងក្រោយថវិកា (Fiscal Outcomes) ទាំង ៣ រួមមានជាអាទិ៍៖
-បូរណភាពនៃការគោរពវិន័យថវិកា
-ប្រសិទ្ធភាពនៃថវិកា ទាំងក្នុងផ្នែកវិភាជន៍ និងផ្នែកប្រតិបត្តិការ និង
-ស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់ដ៏សំខាន់នេះ បាននិងកំពុងស្ថិតក្នុងដំណាក់កាលទី៣ ពោលគឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលជាការបោះជំហានដ៏សំខាន់មួយថ្មីទៀត តាមរយៈការចាប់ផ្តើមធ្វើការផ្លាស់ប្តូរប្រព័ន្ធថវិកាបច្ចុប្បន្ន ដោយការចាប់ផ្តើមពង្រឹង និងពង្រីកប្រព័ន្ធថវិកាកម្មវិធីសាកល្បងពេញលេញជាជំហានៗ ក្នុងចំណោមក្រសួង ស្ថាប័ន គ្រប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ស្របតាមទិសដៅ ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តនៃ ការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ពោលគឺការបោះជំហានឆ្ពោះទៅកាន់ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធ-កម្មឱ្យបានចាប់ពីឆ្នាំ២០២៥។
ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តរ-ភាពនៃប្រតិបត្តិការរបស់រដ្ឋ ចលនការនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ជាពិសេសការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចឱ្យបាន ជាអតិបរមានូវគោលដៅជាយុទ្ធសាស្រ្តទាំង៤ ដូចមានចែងក្នុង “យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌ និង ប្រសិទ្ធភាពកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលរួមមាន ៖

  • ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាពនិងធន់នឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឱ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើន ទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈដោយគត់មត់។
  • បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជាពិសេសសម្រាប់ស្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស។
  • សម្រេចឱ្យ បាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុង អត្រាទាបជាង១០% ការពារមិនឱ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការ-ចូលរួមក្នុងយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម។
  • បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើងក៏ ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ។
    យ៉ាងណាមិញ នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩មកលើសង្គម និងសេដ្ឋកិច្ចទាំងមូលថវិកាឆ្នាំ២០២១ ត្រូវបានផ្តល់អាទិភាពខ្ពស់បំផុតដល់ចំណាយចាំបាច់ទាំងឡាយសំដៅទប់ទល់ការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទន្ទឹមនឹងការបន្តផ្តោតការយកចិត្តទុកដាក់លើ វិស័យអាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹកព្រមទាំងកិច្ចការមួយចំនួនទៀត ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មីដែលមានដូចខាងក្រោម៖
  • ការអភិវឌ្ឍធនធានមនុស្ស ដោយនឹងបន្តផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។
  • ការបន្តកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗព្រមទាំងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។
  • ការពង្រឹងការប្រកួតប្រជែង និងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមព្រមទាំងសហគ្រិភាព ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។
  • ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ការគ្រប់គ្រងនគរូបនីយកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
  • I. ក្របខណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
  • ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១
  • -តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា-១,៩%ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះបានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង-២%។ ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
  • វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១%ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។
  • វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦%ក្នុងឆ្នាំ២០២១បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០%ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។
  • វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦%ក្នុងឆ្នាំ២០២១ ពីកំណើន០,៩%ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។
  • អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិ តក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០។
  • អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ។
  • ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៧,៣%នៃផ.ស.ស. ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និងវិស័យទេសចរណ៍។ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងកើនឡើងដល់១៦ ៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨,០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ។
  • ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៣,៥% ក្នុងបរិបទនៃ ការកើនឡើងនូវភាពមិនប្រាកដប្រជា ទាំងក្នុង និងក្រៅប្រទេស។
  • ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន ដែលរួមមាន៖
  • ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ តាមរយៈវិធានការសំខាន់ៗរួមមាន៖ការបង្កើនចំណាយលើវិស័យសុខាភិបាល និងការជំរុញអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសាធារណៈ ដោយផ្តោតលើវិធានការការពារនិងព្យាបាល។
  • ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្មតាមរយៈការផ្តល់នូវការលើកទឹកចិត្តនិងការអនុគ្រោះផ្នែកសារពើពន្ធ គួបផ្សំនឹងការជំរុញផ្តល់ឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ដើម្បីឱ្យអាជីវកម្មអាចបន្តដំណើរការបាន។
  • ការបន្តរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តនូវកម្មវិធីផ្ទេរសាច់ប្រាក់កម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន ចាប់យកការងារក្នុងវិស័យថ្មី ឬមានបច្ចេកទេសខ្ពស់ជាងមុន បង្កើតការងារថ្មីជំនួសការងារ ដែល បាត់បង់ជំរុញសកម្មភាព អាជីវកម្មរបស សហគ្រាសធុនតូច និងមធ្យម និងជួយសម្រួលការផ្លាស់ប្តូរការងារពីវិស័យដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទៅវិស័យផ្សេងទៀត។
  • ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ភាពប្រកួតប្រជែង ការជំរុញការធ្វើពិពិធ-កម្មសេដ្ឋកិច្ច និងការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដែលរួមមាន៖
  • ការបន្តបង្កើនភាពប្រកួតប្រជែង តាមរយៈវិធានការសំខាន់ៗរួមមាន ការជួយសម្រួលកាត់បន្ថយថ្លៃដើមពេលវេលា និងបង្កើនភាពងាយស្រួលដល់កាធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម បន្តកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និង ឡូជីស្ទីក បង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កើនការបណ្តុះបណ្តាលជំនាញ កាត់បន្ថយកម្រៃសេវាមិនផ្លូវការ លើកកម្ពស់សេវាបង់ពន្ធ កាត់បន្ថយការធ្វើសវនកម្ម និងអធិការកិច្ចត្រួតគ្នា និងជំរុញការប្រកួតប្រជែងដោយស្មើភាព។
  • ការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈ៖
  • • ការជំរុញការធ្វើពិពិធកម្មផលិតកម្ម និងសេវាកម្ម ដោយអនុម័តច្បាប់វិនិយោគថ្មីច្បាប់ស្តីពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់ស្តីពីការប្រកួតប្រជែងរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងជំរុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
  • • ការជំរុញការធ្វើពិពិធកម្មទីផ្សារ ដោយស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងពហុភាគីនិងទ្វេភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងល្អាកពាណិជ្ជកម្មថ្មីៗ ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី កិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទូលំទូលាយ និងប្រកបដោយវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងពង្រឹងភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ជាមួយដៃគូសំខាន់ៗរួមមានជាមួយ ចិន កូរ៉េ ជប៉ុន ថៃ និងវៀតណាម ជាដើម។
  • ការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដោយពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំ និងអនុវត្តគោលនយោបាយ និងវិធានការនានា បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន ឬមុខងារដោយធ្វើវិចារណកម្ម មុខងារ និងភារកិច្ច ព្រមទាំងលើកកម្ពស់ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងស្ថាប័ន និងបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព។
  • ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២១
  • ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២១ ដែលត្រូវបានរៀបចំដោយឈរលើមូលដ្ឋាននៃក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចបានគូសបញ្ជាក់ខាងលើ និងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩-២០២៣ ពិសេសក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ មានគោលបំណងសំខាន់ៗដូចតទៅ៖
  • បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
  • បន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូរីដ-១៩ និងទប់ទល់ផលប៉ះពាល់នៃជំងឺដ៏កាចសាហាវនេះ តាមរយៈការជំរុញការនាំចេញឱ្យអស់ពីសក្តានុពល និងងាកពីការពឹងផ្អែកទាំងស្រុងលើតម្រូវការខាងក្រៅ មកពឹងផ្អែកមួយចំនួនលើតម្រូវការក្នុងស្រុក
  • បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ប្រកបដោយបរិយាប័ន្ន
  • គាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣
  • ជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥
  • បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្រិតទាប មធ្យម និងខ្ពស់ ព្រមទាំងសុខុមាលភាពសង្គម ដើម្បីផ្គត់ផ្គង់ពលករជំនាញប្រកបដោយផលិតភាពខ្ពស់ ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ។
  • ក្របខណ្ឌថវិកាឆ្នាំ២០២១ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឱ្យបានស្មើនឹង១៨,០%នៃដែលមានការថយចុះចំនួន៥,៦៣ពិន្ទុភាគរយនៃផ.ស.ស. ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០ ពោលគឺនឹងសម្រេចបានទាបជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម០,៣ពិន្ទុភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ គឺដោយសារកត្តាសត្យានុម័តនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។

ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ ២០២០ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្មករក្រៅប្រព័ន្ធ ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។
ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២១ នេះដែលរាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។
ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀលសម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិល នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។
ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ការគ្រោងថយចុះនេះ សម្រេចបានជារួម ដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិតានចំណាយគោល ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩។
ចំណាយនេះមួយភាគធំ គឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយ តែតម្រូវឱ្យកត់ត្រក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះសិន ដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេកទេស ដែលកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន លើកលែងតែចំណាយត្រៀមបម្រុងសម្រាប់ គ្រោះមហន្តរាយធម្មជាតិ និងមុខចំណាយដូចរៀបរាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។ ក៏ប៉ុន្តែចំណាយ មានមុខសញ្ញាច្បាស់លាស់ នេះ នឹងត្រូវធ្វើការផ្ទេរភ្លាមទៅតាមមុខសញ្ញា ចំណាយដែលបានគ្រោងទុក តាមនីតិវិធីហិរញ្ញវត្ថុ ក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំចូលជាធរមាន។
II. បញ្ហាប្រឈមនិងវិធានការក្នុងការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

  • ការអនុវត្តក្របខណ្ឌថវិកាខាងលើ តម្រូវឱ្យរាជរដ្ឋាភិបាលខិតខំជម្នះនូវការលំបាក និងបញ្ហាប្រឈមមួយចំនួន ទាំងផ្នែកចំណូល ទាំងផ្នែកចំណាយ។ ជាក់ស្ដែង រាជរដ្ឋាភិបាលនឹងត្រូវពុះពារជម្នះនូវការលំបាកដែលកើតចេញពីបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
    ក-ផ្នែកចំណូល
  • ចំណូលនៅតែមិនទាន់អាចឆ្លើយតបនឹងទំហំ នៃសេចក្តីត្រូវការផ្នែកចំណាយនៅឡើយទោះបីជាមានការខិតខំប្រឹងប្រែងខ្លាំងក្នុងការប្រមូលចំណូលគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី ពិសេសក្នុងបិរការណ៍នៃជំងឺកូវីដ-១៩។
  • សន្ទុះកំណើនចំណូលសារពើពន្ធ អាចប្រឈមនឹងកំណើនយឺត ដោយសារការថមថយកំណើនសេដ្ឋកិច្ចជារួម ការដាក់ចេញនូវការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជំរុញផលិតកម្ម ក្នុងស្រុកនិងវិនិយោគផ្ទាល់ពីបរទេស ការគាំទ្រការអភិវឌ្ឍវិស័យអាទិភាពផ្សេងៗ និងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេសដៃគូ ព្រមជាមួយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
  • បញ្ហាប្រឈមមួយចំនួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ រួមមាន ការវិវត្តយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលអាចបង្កជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ហានិភ័យនៃការបាត់ចំណូលពន្ធដែលបណ្តាលមកពីការគេចវេះពន្ធ និងអំពើរាំងស្ទះការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះវិស័យសំណង់ និងគ្រឿងអេឡិចត្រូនិក ផលប៉ះពាល់នៃសេដ្ឋកិច្ចស្រមោល (Shadow Economy) និងការគ្រប់គ្រងប្រមូលពន្ធលើទំនិញ ដែលជាប់អាករពិសេស ដូចជាបារី និងថ្នាំជក់មានការធ្លាក់ចុះ ដោយការកំណត់មូលដ្ឋានគិតពន្ធចំពោះការផលិតបារីក្នុងស្រុក និងការនាំចូលមិនទាន់មានភាពស៊ីចង្វាក់គ្នានៅឡើយ។
    ចំណូលពន្ធគយអាចប្រឈមនឹងការធ្លាក់ចុះច្រើនដោយសារ៖
  • ភាពរអាក់រអួល និងមិនប្រាកដប្រជានៃរហូរពាណិជ្ជកម្ម ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩
    -ការស្តារឡើងវិញនៃទីផ្សារនាំចេញរបស់កម្ពុជាត្រូវការពេលយូរដោយសារ ការអូសបន្លាយនៃវិបត្តិកូវីដ-១៩
  • ការបន្តប្រកាន់យកគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច
  • ការបាត់បង់ពន្ធ និងអាករគយដោយកំណើនផលិតកម្មក្នុងស្រុកជំនួសការនាំចូល កំណើនការប្រើប្រាស់ថាមពលពីប្រភពមិនមែនប្រេង គោលនយោបាយទម្លាក់ថ្លៃអគ្គិសនី ការបញ្ចុះអត្រាពន្ធគយក្រោមក្របខណ្ឌ FTAs និងការលើកទឹកចិត្តពន្ធអាករដើម្បីទាក់ទាញវិនិយោគ
  • ការធ្លាក់ចុះនៃវិស័យទេសចរណ៍ អចលនទ្រព្យសេវាកម្ម និងសំណង់ ធ្វើឱ្យបាត់បង់ការងារនិងចំណូល ហើយឈានទៅបាត់បង់សមត្ថភាពទិញភាពមិនប្រាកដនៃវិធានការរឹតបន្ដឹង និងការបើកច្រកព្រំដែនមួយចំនួនរបស់ប្រទេសជិតខាងធ្វើឱ្យលំហូរទំនិញមានភាពរអាក់រអួល
  • វប្បធម៌សារពើពន្ធក្នុងសង្គមនៅមានកម្រិត និងវត្តមាននៃអំពើការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ក្រសួងស្ថាប័នផ្សេងៗគ្នាជាច្រើន នៅជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖
  • កិច្ចសហប្រតិបត្តិការនៅមានកម្រិតរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងជាមួយភាគីឯកជនដែលជាប់កាតព្វកិច្ចបង់ចំណូល
  • ការប្រមូលចំណូលពីមុខចំណូលសំខាន់ៗពុំទាន់អស់លទ្ធភាព
  • ត្រូវការពេលវេលាច្រើនទៀត ដើម្បីដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យ តាមដានការប្រមូលចំណូលតួលេខបំណុល និងប្រព័ន្ធរាយការណ៍តាមបច្ចេកវិទ្យាព័ត៌មាន
  • ការធ្វើទំនើបកម្មនៅមានកម្រិត
  • សមត្ថភាពមន្ត្រី និងប្រសិទ្ធភាពស្ថាប័ននៅមានកម្រិត ពិសេសក្រសួងស្ថាប័នខ្លះមិនទាន់អាចអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដោយរលូន និងប្រសិទ្ធភាពខ្ពស់នៅឡើយ
  • បំណុលរ៉ាំរ៉ៃមួយចំនួននៅមិនទាន់អាចដោះស្រាយបាន ហើយការកត់ត្រាបំណុលមិនមានភាពច្បាស់លាស់ពេញលេញ
  • និន្នាការធ្លាក់ចុះនៃភ្ញៀវទេសចរអាចប៉ះពាល់ដល់ចំណូលពីទិដ្ឋាការអាកាសចរស៊ីវិល និងផលទេសចរណ៍។ ចំណែកឯចំណូលពីវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាមុខចំណូលសំខាន់មួយ ទាមទារការកែទម្រង់ជាច្រើនទៀត និង
  • ត្រូវរៀបចំច្បាប់ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅមិនទាន់អនុម័ត។
  • ខ-ផ្នែកចំណាយ
  • ការមិនថមថយនូវចំណាយ បន្ទុកបុគ្គលិកពីមួយឆ្នាំទៅមួយឆ្នាំ បាននិងកំពុងដាក់ជាសម្ពាធកាន់តែ ខ្លាំងលើចំណាយក្រៅបន្ទុកបុគ្គលិក ឱ្យពិបាកងើបឡើង ក្នុងខណៈដែល ចំណាយក្រៅបន្ទុកបុគ្គលិកមួយចំនួន ក៏មានភាពចាំបាច់ខ្លាំងត្រូវសម្រេចឱ្យបានតាមគោលដៅ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ និងកម្មវិធីកែទម្រង់គ្រប់វិស័យរបស់រាជរដ្ឋាភិបាល ។ ជាងនេះទៅទៀត បរិការណ៍ខាងលើនេះ ក៏បានបង្កើនសម្ពាធទៅលើចំណាយវិនិយោគសាធារណៈផងដែរ ដែលជាបច្ច័យអាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ចីរភាពកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង។
  • -ការឈានឡើងរបស់កម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក៏កាន់តែធ្វើឱ្យដៃគូអភិវឌ្ឍន៍មួយចំនួនទាមទារឱ្យរាជរដ្ឋាភិបាលបង្កើននូវចំណែកទឹកប្រាក់បដិភាគកាន់តែធំទៅៗ ក្នុងខណៈកាតព្វកិច្ចទូទាត់សេវាបំណុលពីគម្រោងទាំងនោះក៏ចេះតែកើនឡើងច្រើនផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលក៏ត្រូវទទួលកាតព្វកិច្ចរ៉ាប់រងចំពោះកម្មវិធីធំៗមួយចំនួនដែលត្រូវដល់ពេលត្រូវបញ្ចប់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។
  • -កាតព្វកិច្ចទូទាត់ចំពោះគម្រោងចំណាយធំៗ ដែលមានចរិតពហុឆ្នាំ ទាំងនៅក្នុងក្របខណ្ឌនៃចំណាយថវិកាចរន្ត និងថវិកាវិនិយោគ បានដាក់ជាសម្ពាធដល់លទ្ធភាពថវិកាប្រចាំឆ្នាំ។
  • -បន្តអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដោយប្រុងប្រយ័ត្ន ដោយប្រកាន់យកនូវបន្សំនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងការកែទម្រង់រចនាសម្ព័ន្ធដែលមានលក្ខណៈបុរេសកម្ម ដើម្បីបន្តធានា ឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសម្រេចឱ្យបាន នូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ក្នុងបរិការណ៍អតិផរណាទាប ស្ថិរភាពអត្រាប្តូរប្រាក់ និងការជំរុញវិនិយោគ ព្រមទាំងជំរុញការប្រើប្រាស់ក្នុងស្រុក។
  • បន្តពង្រឹង និងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណូល តាមរយៈការជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពនូវ យុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យមានលក្ខណៈ ទំនើបសម្រាប់ធានា ការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ ការធានាបាននូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូរបន្ទុកពន្ធដល់ប្រជាជនមានចំណូលទាប ការកែលម្អបរិយាកាសវិនិយោគ និងការតម្រង់ទិសវិនិយោគ និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។
  • -បន្តផ្តោតការ យកចិត្តទុកដាក់លើការពង្រឹង និងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណាយ នៅក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ ២០២១-២០២៣ និងក្របខណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២១ ២០២៣ តាមរយៈការបន្តខិតខំកែលម្អការវិភាគថវិកាឱ្យកាន់តែចំទិសដៅនិងចំតម្រូវការចាំបាច់ជាក់ស្តែង ព្រមទាំងការបង្កើនការឆ្លើយតបនៃថវិកាទៅនឹងគោលនយោបាយអាទិភាពតាមវិស័យរបស់រាជរដ្ឋាភិបាល។
  • សំដៅបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃចំណាយសាធារណៈ នៅក្នុងក្របខណ្ឌនៃការអនុវត្ត យុទ្ធសាស្ត្រនៃការទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ តាមរយៈការពង្រឹងការអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥» ក្នុងគោលបំណងសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយ មានភាពប្រកួតប្រជែងសមាហរណកម្ម ប្រសិទ្ធភាព មានបទប្បញ្ញតិគ្រប់គ្រងនិងត្រួតពិនិត្យម៉ត់ចត់ ធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ ការបន្សំរវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាធារណៈ ព្រមទាំងជំរុញការសន្សំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
III. វិធានការបន្ថែមខាងផ្នែកពន្ធដារសម្រាប់ឆ្នាំ២០២១

  • ក្នុងគោលបំណងកែសម្រួល និងបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធានាឱ្យបាននូវនីតិវិធីប្រមូលពន្ធប្រព្រឹត្តទៅប្រកបដោយភាពស៊ីសង្វាក់ប្រទាក់ក្រឡា រលូន និងប្រកបដោយតម្លាភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាព ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាដើម្បីធានានូវភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគ រាជរដ្ឋាភិបាលស្នើដាក់ចេញនូវវិធានការដូចខាងក្រោម៖
    -ធ្វើវិសោធនកម្មមាត្រា ៧២ ថ្មី នៃច្បាប់សារពើពន្ធ ដើម្បីការកែសម្រួល និងបញ្ចូលខ្លឹមសារបន្ថែម ទាក់ទិន នឹងការដាក់ឱ្យអនុវត្តយន្ត ការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់ទេសចរបរទេសក្នុងគោលដៅធានាបាននូវចីរភាពកំណើនសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះទេសចរបរទេស សំដៅជំរុញបរិយាកាសវិនិយោគ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងក្នុងគោលបំណងទាក់ទាញទេសចរបរទេស ឱ្យមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា និងទិញទំនិញសម្រាប់យកទៅប្រើប្រាស់នៅក្រៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការកើនឡើងកាន់តែច្រើន។
    -ធ្វើវិសោធនកម្មមាត្រា ៤០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងគាំទ្រដល់ការដាក់ឱ្យអនុវត្តការចុះបញ្ជីពន្ធដារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយកន្លែង និងសម្រាលបន្ទុកចំណាយលើការចុះបញ្ជី គឺតម្រូវឱ្យមានការកែសម្រួលបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា ដោយលុបការតម្រូវ ឱ្យបង់ពន្ធប្រថាប់ត្រាចំនួន ១ ០០០ ០០០ រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន។
    IV. និយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
  • សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការធ្វើនិយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែមដល់ថវិកាទូទៅរបស់រដ្ឋ ដើម្បីគោលដៅដូចខាងក្រោម៖
    ១- ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចំនួន ៣២៨ ៦០០លានរៀល ដែលក្នុងនោះសម្រាប់គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្មវិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ចំនួន២០៥ ០០០លានរៀល និងសម្រាប់ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងរដូវប្រមូលផលធំចុងឆ្នាំ២០២០ចំនួន១២៣ ៦០០លានរៀល
    ២-ផ្តល់ជូនក្រសួងសុខាភិបាលចំនួន ១២៣ ០០០លានរៀល សម្រាប់ឧបត្ថម្ភធនដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីអនុវត្តគម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស
    ៣-ផ្តល់ទុនដល់សាជីវកម្មធានាឥណទានកម្ពុជាចំនួន៨២៤ ០០០លានរៀល
    ៤-ហិរញ្ញប្បទានពីអតិរេករបស់រដ្ឋបាលឃុំ សង្កាត់ចំនួន ១៤០ ០៦៩,២លានរៀល ដើម្បីប្រើប្រាស់សម្រាប់ហិរញ្ញប្បទានដល់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន
    ៥-សុំការយល់ព្រមអនុញ្ញាតឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេបន្ថែមចំនួន៥០០លានSDR (ប្រាំរយលានអេសដេអ៊ែរ)។
    V. សេចក្តីសន្និដ្ឋាន
  • ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើង ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជា ដើម្បីសម្រេចឱ្យបាននូវគោលដៅ សំខាន់ៗនៃ កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ។ ទន្ទឹមនេះ ក្របខណ្ឌថវិកាឆ្នាំ២០២១ ក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយដែលសម្រេចបានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមក ប្រកបដោយភាពជាម្ចាស់ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីជម្នះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមាននានាបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត ទាំងក្នុង និងក្រៅប្រទេស ដើម្បីកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ននិងតទៅអនាគត។
  • ថវិកាឆ្នាំ២០២១ បានដាក់ចេញនូវគោលដៅច្បាស់លាស់ និងប្រាកដនិយម ដើម្បីរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងដោយតម្រង់ និង ផ្តល់អាទិភាពខ្ពស់បំផុត ដល់ ចំណាយចាំបាច់ ទាំងឡាយសំដៅទប់ទល់ការរាតត្បាត និង កាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ចសេចក្តីត្រូវការ និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា សម្រាប់អនុវត្តគោលនយោបាយវិស័យសំខាន់ៗ មានជាអាទិ៍ ៖ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រីកអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនលើការអភិវឌ្ឍកម្ពុជាផងដែរ។ ក្នុងន័យនេះ ក្របខណ្ឌចំណាយថវិកាឆ្នាំ២០២១ ដោះស្រាយបានជាសារវន្តែនូវវិសាលភាពនិង ការពង្រឹងគុណភាពនៃសេវាសាធារណៈ គ្រប់ប្រភេទ ពិសេសសេវាអប់រំ សុខាភិបាលនិងយុត្តិធម៌ ការពនឿនកិច្ចការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចលើគ្រប់វិស័យ ការបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ ការពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យឌីជីថល ព្រមទាំងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ពិសេសការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃស្ថាប័នសាធារណៈ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។ ទន្ទឹមនេះក្របខណ្ឌចំណូលថវិកាឆ្នាំ២០២១ ក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទមិនឱ្យធ្លាក់ចុះខ្លាំង ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការចំណាយ ទន្ទឹមនឹងការបន្តផ្តល់នូវការលើកលែង និងការអនុគ្រោះពន្ធ ក្នុងគោលដៅខិតខំជួយឱ្យអស់លទ្ធភាពដល់ធុរកិច្ច និងអាជីវកម្ម ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែអាចរស់បាន និងរក្សាការងារ ពិសេសរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
  • សរុបមក ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ហើយអាចប្រសិទ្ធនាមបានថា ជា “ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន”៕
To Top