ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្ដិស្នើសភាពាណិជ្ជកម្មអឺរ៉ុប ចូលរួមវេទិកាធុរកិច្ចនានា ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូល រួម វេទិកាធុរកិច្ចនានា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅកម្ពុជា នាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូន នូវកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជាកន្លងមក ក៏ដូចជាធ្វើបច្ចុប្បន្នភាព ជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជាច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ ប្រកួតប្រជែងជាដើម។

លើសពីនេះ លោកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានបញ្ចប់ ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចា ជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចា ជាមួយប្រទេសជាដៃគូសំខាន់ៗ ដទៃទៀតជាដើម។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្ដិ បានលើកទឹកចិត្ត ឲ្យប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា ចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្ម ជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឲ្យកិច្ចសហប្រតិបត្តិការ ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងការចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានា នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

ជាកិច្ចឆ្លើយតប លោកប្រធាន នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អ ដែលកម្ពុជាទទួលបាន ការអនុម័តច្បាប់ខាងលើនេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីធានាភាពជឿជាក់ សម្រាប់អ្នកធុរកិច្ច និងវិស័យពាណិជ្ជកម្ម នៅកម្ពុជានាពេលអនាគត។

បន្ថែមពីនេះ លោកប្រធាន ក៏បានលើកឡើងពីគោលការណ៍ របស់ក្រុមហ៊ុនអឺរ៉ុប ក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយ កម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមក ០% ក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

លោកប្រធានក៏បានយល់ព្រម ក្នុងការជួយរៀបចំវេទិកាធុរៈកិច្ច នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិ ចូលរួមក្នុងវេទិកានេះ។

ជាការឆ្លើយតប រដ្ឋមន្ដ្រីពាណិជ្ជកម្ម បានឯកភាព និងស្វាគមន៍ចំពោះសំណូមពរ របស់លោកប្រធាន និងស្នើឲ្យសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្ម ដែលមានលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ដើម្បីរៀបចំវេទិកាធុរៈកិច្ចនានា នៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ផងដែរ៕

To Top