ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានវាយ តម្លៃខ្ពស់ចំពោះលទ្ធផល នៃបេសកម្មរបស់ទូតសិង្ហបុរី ប្រចាំនៅកម្ពុជាដែលចប់អាណត្តិ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលបេស កកម្មការទូតរបស់លោកទូតនៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលបានរួម ចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សិង្ហបុរី ដែលបានជួយបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជាបានជិត១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។
ចំណែកលោកទូតចប់អាណត្តិ បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរថា មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ២០១៩ មានការ រំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី ៕
ដោយ៖ ស.សំណាង