ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០% បើធៀបទៅនឹងផែនការ អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០០.៣៩០នាក់។
យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា នេះជាលទ្ធផលល្អប្រសើរ និងគួរឲ្យកោតសរសើរ ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែល មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ហើយពេលនេះបានអញ្ជើញមកចុះឈ្មោះ បោះឆ្នោតបានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀង យ៉ាងណាក៏ដោយ ។
ជាងនេះទៀត គ.ជ.ប ក៏បានរៀបរាប់ថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៥២.០០៤នាក់ ,អ្នកកែតម្រូវទិន្នន័យ សរុបមានចំនួន ៩២.៨២២នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី សរុបមានចំនួន ៨៨.៨៤៦នាក់ ។
គ.ជ.ប បន្ដថា សរុបអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន ៨.៨៣៤.៧៥២នាក់។ លទ្ធផលនេះ គឺជាលទ្ធផលបណ្តោះអាសន្នចុងក្រោយ ដែលក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៤៦ បានបញ្ជូនទិន្នន័យមកពីបណ្តាឃុំ សង្កាត់ទូទាំងប្រទេស។ ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ អាចនឹង ធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ៕