ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់លោក ហេង សួរ ជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវ សមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយលោក ហេង សួរ និងលោកស្រី រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយ ព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។
លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាងបានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕