ភ្នំពេញ ៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ការអប់រំ ការផ្សព្វផ្សាយព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត» ជូនមន្រ្តីរាជការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបណ្ដុះបណ្ដាលការងារជំនាញដល់មន្ត្រី បោះឆ្នោត គឺជារឿងចាំបាច់ ដែលមិនអាចខកខានបាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
លោកបន្ដថា នេះជាលើកទី២ហើយ ដែល គ.ជ.ប បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ពិសេសថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការរៀបចំ ចាត់ចែងដំណើរការបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការចូលរួមអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ ឱ្យទទួលបានជោគជ័យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ។
លោកបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតក្នុងក្របខ័ណ្ឌការងារកែទម្រង់របស់ គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ទៅតាមមុខជំនាញទទួលខុសត្រូវ ដើម្បីធានាឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារ តាមរយៈការបណ្ដុះបណ្ដាលដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានចំណេះដឹង ជំនាញ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ៕