ព័ត៌មានជាតិ

៩ខែកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ និងភ្ញៀវជាតិជាង ៧លាននាក់

ភ្នំពេញ៖គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរអន្តរជាតិមកទស្សនាកម្ពុជា សរុបចំនួន១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង សរុបចំនួន ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ១៩។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។

ក្រសួងបញ្ជាក់ថា តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។

ក្រសួងបន្ថែមថា អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជា នឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២រួមមាន៖សេណារីយ៉ូទី១ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)និងសេណារីយ៉ូទី២ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)។

លើសពីនេះទៀត ក្រសួងបញ្ជាក់បន្ថែមទៀតថា តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគឺ ឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្ត មានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)៕ដោយ៖ធី លីថូ

To Top