ព័ត៌មានជាតិ

ការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ បើគ្មានសាធារណៈជន ចូលរួម គឺមិនអាចជោគជ័យ ឡើយ

ភ្នំពេញ ៖ លោក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ បើគ្មានសាធារណៈជន ចូលរួមទេ គឺមិនអាចទទួលជោគជ័យ បានឡើយ ដូច្នេះ សាធារណៈជនត្រូវចូលរួមជាមួយ សមត្ថកិច្ចដើម្បីឲ្យការងារទាំងនេះ ទទួលបានជោគជ័យ។

លោក នាក់ យុទ្ធា បានថ្លែងបែបនេះ នៅក្នុងកម្មពិធីប្រកាសគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ /កាមរោគ នាព្រឹកថ្ងៃទី២៧ ខែតុ លា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបាន ការងារប្រយុទ្ធប្រឆាំងគ្រឿង និងការងារប្រយុទ្ធប្រ ឆាំងជំងឺអេដស៍/កាមរោគ ប្រសិនបើគ្មានការចូលរួមពីសាធារណៈជនទូទៅ ពីអង្គការសង្គមស៊ីវិល គឺយើងនឹងមិនអាចទទួលបានជោគជ័យល្អប្រសើរទេ»។

លោកបន្ដថា មន្ដ្រីអនុវត្តច្បាប់ នាពេលបច្ចុប្បន្ននេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំង ទៅនឹងជំងឺអេដស៍។ លោក ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋបន្ដអប់រំកូ នចៅរបស់ខ្លួនឲ្យដឹងអំពីផលប៉ះពាល់ អំពីគ្រឿងញៀន និងយល់ដឹងអំពីការឆ្លងមេរោគអេដស៍ ។

ឆ្លៀតឱកាសនោះ លោក នាក់ យុទ្ធា ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា ប្រសិនបើមានកូនប្រើប្រាស់គ្រឿងញៀន ត្រូវយកគាត់ទៅកន្លែងព្យាបាល កុំឲ្យគាត់ប្រើប្រាស់គ្រឿងបន្ដទៀត។ លោកបន្ដថា ដរាមណា មានអ្នកប្រើប្រាស់គ្រឿងញៀន ទីផ្សារនៅតែមាន ហើយកម្ពុជានៅតែទទួលរងគ្រោះ ដូច្នេះ សូមប្រជាពលរដ្ឋត្រូវសហការ ជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីបង្ក្រាបគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ៕

To Top