ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតដល់ចំណុច ត្រពាំងពុំសែន ដកហូតបានសត្វត្រកួត រស់១ក្បាល និងអន្ទាក់ជ្រូកព្រៃ ចំនួន២៧ខ្សែ ដែលជនសង្ស័យទម្លាក់ចោល ។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ តុលា នេះបានឲ្យដឹងថា ក្រុមការងារ បានបន្តល្បាតទៅដល់ចំណុចជិត អូរតាណេល ដកហូតបានស្បៃបម្រុង ដាក់យកត្រីខុសច្បាប់ ដែលជនសង្ស័យទម្លាក់ចោល ហើយរត់គេចខ្លួន ។ ចំពោះវត្ថុតាង ក្រុមការងារ បានយកមករក្សាទុក នៅស្នាក់ការ រីឯ សត្វត្រកួត បានដោះលែងចូលព្រៃវិញ។
ដោយឡែក ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្នាក់ការរងស្ពង់ បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែង ដល់ចំណុចខាងកើតអូរដំណាក់ស្រឡៅ បានជួបប្រទះការកាប់រានព្រៃថ្មី ទំហំប្រមាណ២ហិកតា។
ក្រុមការងារកំពុងបន្តស្រាវជ្រាវ ដោយសហការជាមួយអាជ្ញាធរភូមិស្ពង់ ដើម្បីស្វែងរកជនល្មើស និងបានដាក់ស្លាកសញ្ញាដកហូតដីព្រៃ ដាក់ជាសម្បត្តិរដ្ឋនៅនឹងកន្លែង កាប់រានផងដែរ។ ក្រុមការងារ បន្តល្បាតដល់ចំណុចខាងត្បូងអូរស្លឹក ជាប់ព្រៃសហគមន៍តំបន់ ការពារធម្មជាតិភូមិអន្លង់ភេ ដកហូតខ្សែអន្ទាក់សត្វព្រៃ ដែលជនសង្ស័យបានដាក់បង្កប់ក្នុងព្រៃចំនួន៣៤ខ្សែ។ ចំណែកនៅចំណុចអូរស្លឹក ក្រុមការងារ បានប្រទះដានជើងសត្វទន្សោង និង ដានសត្វជ្រូកព្រៃ ផងដែរ៕