ព័ត៌មានជាតិ

អភិបាលរាជធានី បន្ថែមម៉ាស៊ីនបូម និងឡានទឹកជួយ សម្អាតភក់ជ្រាំឲ្យពលរដ្ឋ នៅបុរីត្រពាំងថ្លឹង

ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពទឹកភ្លៀងដែលលិចលង់ នៅបុរីត្រពាំងថ្លឹង គម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការថមថយ ស្ទើតែទាំងស្រុងហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង ដោយបន្ថែមម៉ាស៊ីនបូមទឹក ពន្លឿនដល់ការ បូមទឹកចេញ និងបញ្ជូនឡានទឹក ជាច្រើនគ្រឿង ចុះជួយបាញ់សម្អាត ភក់ជ្រាំ បាញ់ថ្នាំសម្លាប់មេរោគ ក៏ដូចជាប្រមូលកាកសំណល់ ជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានឲ្យដឹងថា “តាមសេចក្តីណែនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺលាងសម្អាត លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ បាញ់ថ្នាំសម្លាប់មេរោគ និងសម្លាប់មូសខ្លា ដើម្បីការពារគ្រុនឈាម ដល់កុមារ សម្លាប់មេរោគ ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ។ នេះជាកិច្ចការងារ របស់យើង ហើយយើងនឹងផ្តល់កិច្ចការនិងប្រគល់ភារកិច្ច ជូនទៅអាជ្ញាធរ ខណ្ឌសង្កាត់ឲ្យឈរជើងនៅទីនេះ ពិនិត្យ លទ្ធភាព និងធ្វើកិច្ចការជូន ប្រជាពលរដ្ឋរបស់យើង” ។

លោកអភិបាលរាជធានីភ្នំពេញបន្ថែមថា បានរផ្តល់គោលនយោបាយ និងសម្ភារៈ ដូចជាឡានទឹក របស់ស្នងការនគរបាល រាជធានីភ្នំពេញ ឡានទឹករបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងឡានបូមលូ បន្ថែមលើឡានឯកជន និងជួលឡានឯកជន ៨គ្រឿងទៀត ដើម្បីជួយមន្ទីរ សាធារណការ ដែលមាន៩គ្រឿងស្រាប់ ធ្វើកិច្ចការងារនេះឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យទីតាំងនេះ បានស្អាត។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅ ក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការ ជាមួយនឹងអាជ្ញាធរ រាជធានីភ្នំពេញ ដើម្បីសម្អាត និងស្ដារឡើងវិញ នូវភក់ ទឹកស្អុយ ដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រក់អស់ ។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាយ៉ាងច្រើនលើសលប់ ដោយឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ ប្រមាណជាជាង ១ម៉ឺនគ្រួសារ បានទទួលរង នូវផលប៉ះពាល់ នៃការលិចលង់ ដោយជំនន់ទឹកភ្លៀងនេះ ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅ ក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹងនេះ ក៏បានទទួលរង នូវការលិចលង់លំនៅឋាន របស់ពួកគាត់យ៉ាងធ្ងន់ ចំនួនប្រមាណ ១០០០ល្វែង ក្នុងចំណោយខ្នងផ្ទះ ៣១១៣ល្វែង៕ ដោយ៖ ដារាត់

To Top